ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជា ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ចំពោះការការពារសុវត្ថិភាព និងសុខុមាលភាពរបស់ពលរដ្ឋកម្ពុជា និងបរទេស
ភ្នំពេញ៖ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានគូសបញ្ជាក់ថា កម្ពុជា ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ចំពោះការការពារសុវត្ថិភាព និងសុខុមាលភាព របស់ពលរដ្ឋកម្ពុជា និងបរទេស ។

ការលើកឡើងរបស់លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យ លោក Thomas Andrews អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ។
ក្នុងជំនួបនេះ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនពីសាវតា ពាក់ព័ន្ធប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានគូសបញ្ជាក់ថា បញ្ហានេះជាវិបត្តិសកលដែលរីករាលទូទាំងសកលលោក។ រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈខ្ពស់ ក្នុងការដោះស្រាយ បង្ក្រាប និង បោសសម្អាតឧក្រិដ្ឋកម្មឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយទន្ទឹមនឹងប្រតិបត្តិការ បោសសម្អាត កម្ពុជា ក៏ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ចំពោះការការពារសុវត្ថិភាព និងសុខុមាលភាពរបស់ពលរដ្ឋកម្ពុជា និងបរទេស។

លោកបានសង្កត់ធ្ងន់ថា ការអនុវត្តនីតិវិធី ពិតជាមានសារៈសំខាន់ ក្នុងការធានាជោគជ័យដល់ប្រតិបត្តិការបង្ក្រាប ក៏ប៉ុន្តែកិច្ចការនេះត្រូវដើរទន្ទឹមគ្នានឹងការពិចារណាផ្នែកមនុស្សធម៌ ក្នុងគោលដៅធ្វើយ៉ាងណាបង្ការកុំឱ្យពលរដ្ឋ ទទួលរងផលប៉ះពាល់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ក្នុងន័យនេះ កម្ពុជា ប្រកាន់ខ្ជាប់គោលការណ៍មនុស្សធម៌ ដោយបានផ្តល់ការគាំទ្រ និងជំនួយមនុស្សធម៌ចាំបាច់ ដល់ពលរដ្ឋបរទេសដែលរងគ្រោះ ដោយសារការល្បួងរបស់មេខ្យល់ ឬត្រូវបានជួញដូរឱ្យមកធ្វើសកម្មភាពឆបោកនៅកម្ពុជា និងបានសហការយ៉ាងជិតស្និទ្ធ ជាមួយបណ្តាស្ថានទូត ក្នុងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋបរទេសទាំងនោះ ត្រឡប់ទៅប្រទេសកំណើតវិញ។ កម្ពុជា ស្វាគមន៍ កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និង អង្គការអន្តរជាតិជាដៃគូនានា ដើម្បីរួមគ្នាបង្ការកុំឱ្យពលរដ្ឋ ទូទាំងសកលលោក បន្តធ្លាក់ក្នុងអន្ទាក់ និងឧបាយកលរបស់បណ្តាញឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ។

ជាការឆ្លើយតប លោក Thomas Andrews គូសបញ្ជាក់ថា លោកបានដឹងច្បាស់ពីការបង្កើត និងភារកិច្ច នៃយន្តការ គ.ប.ឆ.ប. ដែលសបង្ហាញពីសារៈសំខាន់ ក្នុងការបោសសម្អាតឧក្រិដ្ឋកម្ម ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សម្រាប់រាជរដ្ឋាភិបាលកម្ពុជា និងបានលើកឡើងពីចំណាប់អារម្មណ៍ ពាក់ព័ន្ធស្ថានភាព និងលទ្ធផលនៃការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកសង្ឃឹមថា ភាគីទាំងពីរ នឹងអាចបន្តពិភាក្សាផ្លាស់ប្តូរយោបល់បន្ថែមទៀត លើបញ្ហានេះ នាពេលខាងមុខ៕









