Feature

លោកឧត្តមសេនីយ៍ទោ ស ថេង ចុះត្រួតពិនិត្យ និងពង្រឹងការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយស និងឈើតុំ នៅស្រុកក្រគរ

ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះតាមដាន ត្រួតពិនិត្យ ណែនាំតម្រង់ទិស និងពង្រឹងរបៀបរបបការងារ ព្រមទាំងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយស និងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ។

ក្នុងឱកាសនោះ លោកស្នងការបានណែនាំដល់ថ្នាក់ដឹកនាំ និងកម្លាំងនគរបាលតាមប៉ុស្តិ៍ ឱ្យបន្តពង្រឹងការអនុវត្តតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព តម្លាភាព និងទាន់ពេលវេលា។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ស ថេង ក៏បានណែនាំឱ្យពង្រឹងការផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» ដោយផ្តោតលើការអប់រំ និងបង្កើនការយល់ដឹងដល់សិស្សបឋមសិក្សា អំពីផលប៉ះពាល់នៃគ្រឿងញៀន គ្រោះថ្នាក់ពីល្បែងស៊ីសង ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងការប្រើប្រាស់ផ្លូវថ្នល់ប្រកបដោយសុវត្ថិភាព។

លោកស្នងការក៏បានណែនាំឱ្យបន្តធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ និងជនបរទេសឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវត្រួតពិនិត្យឯកសាររបស់ជនបរទេសឱ្យបានច្បាស់លាស់ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស ថេង បានឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនរៀល ដល់ប៉ុស្តិ៍នគរបាលនីមួយៗ សម្រាប់បម្រើការងារប្រចាំថ្ងៃ និងជាការលើកទឹកចិត្តដល់កម្លាំងនគរបាលឱ្យបន្តបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

អត្ថបទនេះដោយ÷ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់  ខេម៉ា | ដើមអម្ពិល

To Top