ព័ត៌មានអន្តរជាតិ

តម្លៃប្រេងធ្លាក់ចុះ ខណៈនាវាដឹកប្រេង បន្តធ្វើដំណើរឆ្លងកាត់ តំបន់ជម្លោះមជ្ឈិមបូព៌ា

បរទេស៖ ថ្លៃប្រេងបានធ្លាក់ចុះមកវិញខ្លះនៅថ្ងៃព្រហស្បតិ៍ ខណៈដែលនាវាដឹកប្រេង នៅតែបន្តធ្វើដំណើរចេញពីតំបន់មជ្ឈិមបូព៌ា បើទោះបីជាភាពតានតឹង នៅក្នុងតំបន់នោះបានកើនឡើង ដោយសារសង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានរីករាលដាលហួស ពីសមរភូមិជួរមុខរបស់ខ្លួនក៏ដោយ ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ថា ថ្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ១,២៩ ដុល្លារ ឬ ១,៤២% មកនៅត្រឹម ៨៩,៤៥ ដុល្លារក្នុងមួយបារ៉ែល ចំណែកឯប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ៥៦ សេន ឬ ០,៦៦% មកនៅត្រឹម ៨៣,៩០ ដុល្លារក្នុងមួយបារ៉ែល។ កាលពីវគ្គជួញដូរមុន ថ្លៃប្រេងប្រភេទ Brent បានបិទបញ្ចប់ដោយកើនឡើង ៧,៩១% ហើយប្រេងប្រភេទ WTI បានកើនឡើង ៦,៥៦% ដែលនេះជាការហក់ឡើងខ្លាំងបំផុតមួយចាប់តាំងពីមានសង្គ្រាមអ៊ីរ៉ង់មក ដោយវាបានវាយបកត្រឡប់មកវិញ បន្ទាប់ពីបានដាំក្បាលចុះ ៥% កាលពីថ្ងៃអង្គារ ក្រោយពេលមានការផ្អាកអរិភាពមួយ រយៈពេលខ្លីនៅក្នុងជម្លោះដែលបានអូសបន្លាយពេលប្រាំខែនេះ។

ទិន្នន័យដឹកជញ្ជូនបឋមបានបង្ហាញថា នាវាដឹកទំនិញចំនួន ៣៩ គ្រឿងបានឆ្លងកាត់ច្រកសមុទ្រ Bab el-Mandeb ចូលទៅក្នុងសមុទ្រក្រហម កាលពីថ្ងៃអង្គារ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ១៩ ខែកក្កដាមក ដោយមាននាវាតិចតួចប៉ុណ្ណោះ ដែលបានធ្វើដំណើរកាត់តាមច្រកសមុទ្រ Hormuz។

លោក Tony Sycamore ដែលជាអ្នកវិភាគទីផ្សារ ប្រចាំក្រុមហ៊ុន IG បានលើកឡើងនៅក្នុងរបាយការណ៍មួយថា៖ «ទោះបីជាបរិមាណ សរុបមានការថយចុះក៏ដោយ ក៏ប្រេងនៅតែបន្តនាំចេញចេញពីតំបន់នោះតាមរយៈច្រកផ្លូវជាច្រើន ហើយផ្លូវវាងបន្ថែមទៀតកំពុងត្រូវបានស្វែងរក។ ស្ថានភាពនេះកាន់តែអូសបន្លាយពេលយូរ ផ្លូវ និងវិធីសាស្ត្រជំនួសទាំងនេះ នឹងកាន់តែធ្វើឱ្យចុះខ្សោយនូវអំណាចឥទ្ធិពលរបស់អ៊ីរ៉ង់ទៅលើច្រកសមុទ្រ Hormuz»។
ប្រែសម្រួលៈ ណៃ តុលា

To Top