កាសែត«Financial Times»របស់អង់គ្លេសចុះផ្សាយអត្ថបទក្រោមចំណងជើងថា« ហេតុអ្វីបានជាពិភពលោកទុកចិត្តប្រទេសចិនជាងសហរដ្ឋអាមេរិក?»
ការស្ទង់មតិដែលចេញផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew របស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះបានបង្ហាញថា ប្រជាជននៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោកមានការវាយតម្លៃវិជ្ជមានចំពោះប្រទេសចិនខ្ពស់ជាងសហរដ្ឋអាមេរិក។
ថ្មីៗនេះ កាសែត«Financial Times»របស់អង់គ្លេសបានចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា« ហេតុអ្វីបានជាពិភពលោកទុកចិត្តប្រទេសចិនជាងសហរដ្ឋអាមេរិក?»ដែលបានធ្វើការវិភាគតាមមុំនៃសង្គ្រាមអ៊ីរ៉ាក់ និងគោលនយោបាយថាមពលជាដើម។ អត្ថបទនេះចង្អុលបង្ហាញថា ទំនុកចិត្តអាចនឹងបាត់បង់យ៉ាងឆាប់រហ័ស ប៉ុន្តែការកសាងឡើងវិញត្រូវការចំណាយពេលយ៉ាងយូរ។
ប្រទេសដែលមិនទុកចិត្តសហរដ្ឋអាមេរិកមិនត្រឹមជាប្រទេសជិតខាងដែលមានការព្រួយបារម្ភប៉ុណ្ណោះទេ សូម្បីតែប្រទេសអូស្ត្រាលី និងចក្រភពអង់គ្លេសក៏ទុកចិត្តប្រទេសចិន ជាងសហរដ្ឋអាមេរិកផងដែរ។
ការស្ទង់មតិលើកនេះគ្របដណ្តប់លើប្រទេស និងតំបន់ចំនួន៣៦ ដោយមានអ្នកចូលរួមផ្តល់បទសម្ភាសន៍ជាង៤២០០០ នាក់។ លទ្ធផលបានបង្ហាញថា ប្រជាជននៅក្នុងប្រទេស និងតំបន់ចំនួន២៧ មានការវាយតម្លៃខ្ពស់ចំពោះប្រទេសចិនជាងសហរដ្ឋអាមេរិក ក្នុងនោះ បូករួមទាំងប្រទេសជិតខាងអាមេរិកគឺកាណាដា និងម៉ិកស៊ិកផងដែរ។ អ្នកផ្តល់បទសម្ភាសន៍ភាគច្រើនសម្គាល់ឃើញថា ក្នុងការដោះស្រាយកិច្ចការអន្តរជាតិប្រទេសចិនមានភាពគួរឱ្យទុកចិត្តជាង ៕









