រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញការបែងចែកជំនាញ ក្នុងខ្សែច្រវាក់តម្លៃរួម ដើម្បីអភិវឌ្ឍសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ
សៀមរាប ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ការបែងចែកជំនាញ និងការពង្រឹងការតភ្ជាប់ខ្សែច្រវាក់តម្លៃ គឺជាកត្តាគន្លឹះសម្រាប់អភិវឌ្ឍសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ ។ នេះជាការលើកឡើងរបស់លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងវេទិកាជាតិលើកទី១ ស្តីពី «ការជំរុញផលិតផល សិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ» ដែលរៀបចំឡើងនៅក្នុងខេត្តសៀមរាប។

ថ្លែងក្នុងពិធីបើកវេទិកា លោក ហែម វណ្ណឌី បានលើកឡើងថា អរិយធម៌ដ៏រុងរឿង បេតិកភណ្ឌវប្បធម៌ និងជំនាញសិប្បកម្មដូនតាដែលបន្តពីមួយ ជំនាន់ទៅមួយជំនាន់ គឺជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍផលិតផល ទេសចរណ៍ដែលមានអត្តសញ្ញាណច្បាស់លាស់ ភាពប្រណិត ខុសប្លែក និងពិបាកលួចចម្លង។
លោក រដ្ឋមន្ត្រី បានលើកឡើងថា «ផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ មិនមែនគ្រាន់តែជាទំនិញ សម្រាប់លក់ប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃបទពិសោធន៍ទេសចរណ៍។ ផលិតផលដែលមានគុណភាព ការរចនាប្រណិត និងមាននិទានកថាច្បាស់លាស់ អាចក្លាយជាទូតវប្បធម៌ ដែលបន្តផ្សព្វផ្សាយកម្ពុជា ទៅកាន់ពិភពលោក»។

សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានមូលដ្ឋានសិប្បកម្មពាក់ព័ន្ធនឹងផលិតផលទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ប្រមាណ ៤.៩៣៥ ទីតាំង ប៉ុន្តែភាគច្រើនជាសិប្បកម្ម ដែលដំណើរការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ ការគាំទ្រឱ្យសហគ្រាសទាំងនេះមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ នឹងជួយពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន បច្ចេកវិទ្យា សេវាគាំទ្រធុរកិច្ច ការការពារផ្លូវច្បាប់ និងទីផ្សារថ្មីៗ ព្រមទាំងពង្រឹងទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងបង្កើនភាពប្រកួតប្រជែង៕









