កងទ័ពរំដោះប្រជាជនចិន ៖ កងកម្លាំងរក្សាសន្តិភាពដែលអនុវត្តតាមគំនិតផ្តួចផ្តើមសន្តិសុខសកល ជាខួបលើកទី ៩៩ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន
ថ្លែងក្នុងមហាសន្និបាតអបអរសាទរខួបលើកទី ៩០ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិនកាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៧ លោកXi Jinping ប្រធានរដ្ឋចិនបានថ្លែងថា ជានិច្ចកាល ប្រទេសចិនតែងតែជាអ្នកកសាងសន្តិភាពពិភពលោក ជាអ្នករួមចំណែកដល់ការអភិវឌ្ឍពិភពលោក និងជាអ្នកការពារសណ្តាប់ធ្នាប់អន្តរជាតិ ហើយកងទ័ពរបស់ចិនតែងតែជាកម្លាំងដ៏រឹងមាំសម្រាប់រក្សាសន្តិភាពពិភពលោក។ កងទ័ពរបស់ចិននឹងបន្តធ្វើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ រួមគ្នាដោះស្រាយបញ្ហាប្រឈមសន្តិសុខសកល និងបំពេញភារកិច្ច និងកាតព្វកិច្ចរបស់ខ្លួនស្របតាមឋានៈអន្តរជាតិរបស់ប្រទេសចិន និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ។

ក្នុងនាមជាប្រទេសសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពច្រើនជាងគេ និងជាប្រទេសដែលចូលរួមបង់វិភាគទានដល់ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិធំជាងគេលំដាប់ទី២ ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមក ប្រទេសចិនបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពសរុបជាង ៥ ម៉ឺននាក់ ទៅបំពេញបេសកកម្មនៅក្នុងប្រទេស និងតំបន់នានា ។ ហើយក្នុងចំណោមនោះ មានទាហានចិនជាងដប់នាក់បានពលីជីវិតរបស់ពួកគេដើម្បីសន្តិភាពពិភពលោក។ សូមបញ្ជាក់ថា នៅដើមឆ្នាំ១៩៩២ កងទ័ពចិនបានបញ្ជូនកងកម្លាំងទៅកាន់ប្រទេសកម្ពុជាដើម្បីបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ចាប់តាំងពីចូលរួមក្នុងប្រតិបត្តិការអមដំណើរការពារនាវាចរណ៍នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០០៨មក ក្បួននាវានៃកងទ័ពជើងទឹកចិនបានអមដំណើរការពារនាវាចរណ៍សម្រាប់នាវាចិន និងបរទេសជាង ៧.២០០ គ្រឿងដោយសុវត្ថិភាព ដែលបានការពារផលប្រយោជន៍នៅក្រៅប្រទេសរបស់ប្រទេសចិន និងសុវត្ថិភាពរបស់នាវាពាណិជ្ជកម្ម និងបុគ្គលិកនៃប្រទេសនានាប្រកបដោយប្រសិទ្ធភាព។

“和平方舟”号医院船,已先后服务40余个国家和地区,为37万余人次提供医疗服务,被誉为“生命之舟”“希望之舟”
នាវាមន្ទីរពេទ្យនៃកងទ័ពជើងទឹកចិនឈ្មោះ “Peace Ark” បានធ្វើដំណើរទៅដល់ប្រទេស និងតំបន់ជាង ៤០ និងផ្តល់សេវាវេជ្ជសាស្ត្រដល់មនុស្សជាង ៣៧ សែននាក់ ដែលត្រូវបានគេចាត់ទុកជានាវាជីវិត,នាវាក្តីសង្ឃឹម ។
លោកXi Jinping ថ្លែងថា ប្រជាជនចិនស្រឡាញ់សន្តិភាព ប្រាថ្នាចង់បានសន្តិភាព និងប្រកាន់ខ្ជាប់នូវការដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព។ ប្រទេសចិនអនុវត្តយ៉ាងម៉ឹងម៉ាត់នូវគោលនយោបាយការពារជាតិជាលក្ខណៈការពារ និងផ្តួចផ្តើមគំនិតសន្តិសុខថ្មីដែលប្រកដោយឯកភាព ភាពចម្រុះ កិច្ចសហប្រតិបត្តិការនិងជានិរន្តរភាព ។ កងទ័ពរបស់ចិនតែងតែជ្រោងទង់នៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជានិច្ច ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតនិម្មាបនកម្មសន្តិសុខដែលប្រកបដោយសមភាព ការជឿទុកចិត្តគ្នាទៅវិញទៅមក ភាពសច្ចយុត្តិធម៌ ការរួមគ្នាកសាងនិងចែករំលែកគ្នា ។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានលើកឡើងថា គំនិតផ្តួចផ្តើមសន្តិសុខសកលរបស់លោកXi Jinping បានបង្ហាញទិសដៅត្រឹមត្រូវសម្រាប់ដោះស្រាយបញ្ហាប្រឈមសន្តិសុខសកលបច្ចុប្បន្ន។ ប្រទេសចិនមិនត្រឹមតែជាអ្នកផ្តួចផ្តើមគំនិតនេះប៉ុណ្ណោះទេ ថែមទាំងជាអ្នកអនុវត្តដ៏មុតមាំផងដែរ ពោលគឺខិតខំប្រឹងប្រែងលើកកម្ពស់ប្រសិទ្ធភាព នៃយន្តការអង្គការសហប្រជាជាតិដោយគ្រប់ជ្រុងជ្រោយតាមរយៈសកម្មភាពជាក់ស្តែង និងជំរុញកិច្ចសហប្រតិបត្តិការរវាងសហគមន៍អន្តរជាតិ និងប្រទេសចិន ដើម្បីរួមគ្នាគាំពារភាពសច្ចយុត្តិធម៌អន្តរជាតិ៕









