លោក អ៊ន សុផល្លា ដឹកនាំក្រុមការងារ ចូលរួមដាំដើមក្ងោក នៅសហគមន៍ទេសចរណ៍ ធម្មជាតិទឹកធ្លាក់ច្រកល្អៀង ដើម្បីលើកកម្ពស់បរិស្ថាន និងវិស័យទេសចរណ៍ ក្នុងស្រុកក្រគរ
ស្រុកក្រគរ ៖ នាថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ អមដំណើរដោយក្រុមការងារ បានអញ្ជើញចូលរួមក្នុងពិធីដាំដើមក្ងោកអមសងខាងផ្លូវ ប្រវែង ៦គីឡូម៉ែត្រ នៅសហគមន៍តំបន់ការពារទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ក្នុងឱកាសនោះ លោកអភិបាលស្រុក ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនអាជីវករលក់ដូរនៅផ្សារច្រកល្អៀង ដោយបានផ្តាំផ្ញើ និងណែនាំឱ្យបងប្អូនកំណត់តម្លៃលក់ទំនិញ និងសេវាកម្មឱ្យមានតម្លៃសមរម្យ ជូនភ្ញៀវទេសចរ ប្រកបដោយភាពស្មោះត្រង់ និងស្នាមញញឹមរួសរាយរាក់ទាក់។

ជាមួយគ្នានេះ លោក អ៊ន សុផល្លា បានអំពាវនាវឱ្យបងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ បន្តពង្រឹងសាមគ្គីភាព ចូលរួមថែរក្សាអនាម័យបរិស្ថាន សណ្តាប់ធ្នាប់ និងសោភ័ណភាពតំបន់ទេសចរណ៍ឱ្យបានស្អាតជាប្រចាំ ដើម្បីរួមចំណែកលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរ ឱ្យមកទស្សនាកាន់តែច្រើន ដែលជាកត្តាជួយបង្កើនចំណូល និងលើកស្ទួយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។










អត្ថបទនេះដោយ ÷ ខេម៉ា | ដើមអម្ពិល









