អ្នកជំនាញព្រមានថា អឺរ៉ុបខាងលិចកំពុងឡើងកំដៅលឿន ជាងមធ្យមភាគសកល ខណៈដែលហានិភ័យ ភ្លើងឆេះព្រៃកើនឡើង
បាសេឡូណា៖ អ្នកជំនាញអាកាសធាតុអេស្ប៉ាញម្នាក់បានព្រមានថា អឺរ៉ុបខាងលិចកំពុងឡើងកំដៅលឿនជាងតំបន់ជាច្រើនទៀតនៃពិភពលោក ដែលជំរុញឱ្យមានរលកកំដៅញឹកញាប់ជាងមុន និងបង្កើតលក្ខខណ្ឌ សម្រាប់ភ្លើងឆេះព្រៃកាន់តែធ្ងន់ធ្ងរឡើង។
នៅពេលដែលប្រទេសអេស្ប៉ាញបានចូលដល់រលកកំដៅលើកទី៤ នៃរដូវក្តៅនៅចុងខែកក្កដា ដោយសីតុណ្ហភាពត្រូវបានព្យាករណ៍ថា នឹងឡើងដល់ ៤២ អង្សាសេនៅក្នុងតំបន់ជាច្រើន លោក Ruben del Campo អ្នកនាំពាក្យរបស់ទីភ្នាក់ងារឧតុនិយមរដ្ឋអេស្ប៉ាញ (AEMET) បានឧ្យដឹងថា ប្រទេសនេះបានជួបប្រទះនឹងសីតុណ្ហភាពខ្ពស់មិនធម្មតាទាំងនៅក្នុងខែមិថុនា និងខែកក្កដា។
យោងតាម AEMET ខែមិថុនា ឆ្នាំ២០២៦ គឺជាខែមិថុនាដែលក្តៅបំផុតទីពីរ និងស្ងួតបំផុតទីបីរបស់ប្រទេសអេស្ប៉ាញ ចាប់តាំងពីកំណត់ត្រាជាតិបានចាប់ផ្តើមនៅឆ្នាំ១៩៦១។
កំដៅខ្លាំងនេះត្រូវបានអមដោយភ្លើងឆេះព្រៃជាបន្តបន្ទាប់ ដែលបង្ខំឱ្យមនុស្សជិត ២០០.០០០នាក់ ជម្លៀសចេញពីផ្ទះរបស់ពួកគេនៅក្នុងប្រទេសអេស្ប៉ាញ និងភាគខាងត្បូងប្រទេសបារាំងរហូតមកដល់ពេលនេះនៅរដូវក្តៅនេះ ខណៈដែលភ្លើងឆេះព្រៃនៅតែបន្តរីករាលដាល។
លោក del Campo បានលេីកឡេីងថា “ការសិក្សាមួយចំនួនបង្ហាញថា អឺរ៉ុបខាងលិច រួមទាំងចក្រភពអង់គ្លេស បារាំង អ៊ីតាលី អេស្ប៉ាញ និងព័រទុយហ្គាល់ កំពុងឡើងកំដៅលឿនជាងតំបន់ជាច្រើនទៀតនៃពិភពលោក ហើយអេស្ប៉ាញ ក៏ងាយនឹងរងគ្រោះដោយរលកកំដៅផងដែរ”។
យោងតាមអ្នកនាំពាក្យ របស់ AEMET ប្រទេសនានាជុំវិញសមុទ្រមេឌីទែរ៉ាណេ “ស្ថិតក្នុងចំណោមប្រទេស ដែលងាយរងគ្រោះបំផុត ដោយសាររលកកំដៅក្រោមលក្ខខណ្ឌអាកាសធាតុថ្មី”។ លោកបានកត់សម្គាល់ថា សីតុណ្ហភាពនៅក្នុងតំបន់ខ្លះនៃប្រទេសអេស្ប៉ាញបានឡើងដល់ ៣៥អង្សាសេរួចហើយនៅចុងខែឧសភា។
អង្គការឧតុនិយមពិភពលោកបានឧ្យដឹងកាលពីខែកក្កដាថា អឺរ៉ុបទាំងមូលបានឡើងកំដៅប្រហែលពីរអង្សាសេចាប់តាំងពីរលកកំដៅប្រវត្តិសាស្ត្រឆ្នាំ ១៩៧៦។ វាបានសន្មតថាការកើនឡើងជាបន្តបន្ទាប់នៃសីតុណ្ហភាពរដូវក្តៅភាគច្រើនបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ៕
ប្រែសម្រួល ឈូក បូរ៉ា









