Feature

ថ្នាក់ដឹកនាំក្រសួងអធិការកិច្ច នាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ព្រមទាំងបច្ច័យ ប្រគេនចំពោះព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងអធិការកិច្ច បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានជាច្រើនមុខ ព្រមទាំងបច្ច័យ ដែលជាសទ្ធាជ្រះថ្លារបស់ រដ្ឋមន្រ្តី និងលោកស្រី ប្រគេនចំពោះព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដែលពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណវត្តដូង ស្ថិតក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។

ក្នុងពិធីប្រកបដោយសទ្ធាជ្រះថ្លានោះ រដ្ឋមន្ត្រី និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ ក៏បានបូជាទៀនធូបផ្កាភ្ញី ចំពោះព្រះពុទ្ធបដិមាស្នងអង្គព្រះសម្មាសម្ពុទ្ធ ជាកិច្ចរំលឹកនឹកដល់គុណបុណ្យ ព្រះរតនត្រ័យ តាមប្រពៃណីព្រះពុទ្ធសាសនា និងបានឧទ្ទិសមគ្គផលកុសលផលបុណ្យជូនដល់ញាតកាទាំងប្រាំពីរសន្តានដែលបានចែកឋានទៅកាន់បរលោកខាងមុខ ជាពិសេសវីរកងទ័ពកម្ពុជា ដែលបានពលីជីវិតដើម្បីការពារជាតិមាតុភូមិ។

រដ្ឋមន្ត្រី និងអង្គពិធីទាំងមូល ក៏បានគោរពវិញ្ញាណក្ខន្ធ ដើម្បីសម្តែងនូវកតញ្ញុតាធម៌ និងការចងចាំយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ និងការលះបង់ដ៏ធំធេងរបស់វីរកងទ័ពផងដែរ។

ក្នុងឱកាសនោះ រដ្ឋមន្ត្រី បានមានមតិសំណេះសំណាលដល់អង្គពិធី ជាពិសេស បានពាំនាំនូវការសាកសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនលោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួម។

ជាមួយគ្នានេះ រដ្ឋមន្រ្តី បានលើកឡើងពីស្ថានភាពអន្តរជាតិ និងគោលនយោបាយនិងការអភិវឌ្ឍលើគ្រប់វិស័យទាំងអាណាចក្រនិងពុទ្ធចក្រ ព្រមទាំងបានលេីកឡេីងពីសភាពការណ៍នៃតំបន់ព្រំដែនកម្ពុជា-ថៃ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋបន្តមានជំនឿជឿជាក់លេីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីផងដែរ។

ទន្ទឹមនឹងនេះ រដ្ឋមន្រ្តី បានរំលេចអំពីភាពរីកចម្រើននៃវិស័យពុទ្ធចក្រនៅក្នុងស្រុករមាសហែក ដែលបច្ចុប្បន្នមានវត្តអារាមសរុបចំនួន ៥៣ វត្ត (ក្នុងនោះមានវត្តបង្កើតថ្មី ១ វត្ត គឺ «វត្តធម្មពោធិ៍មហាវិហារ») និងមានព្រះសង្ឃគង់នៅសរុប ៣៥០ អង្គ។ ស្រុករមាសហែកក៏មានវត្តបុរាណដែលមានប្រវត្តិសាស្ត្រវែងឆ្ងាយចំនួន ៧ វត្ត (ជាពិសេសវត្តគ្រញូង ដែលមានអាយុកាលរហូតដល់ ៩៤៣ ឆ្នាំ) ព្រមទាំងវត្តគោលដៅទេសចរណ៍ចំនួន ៣ វត្តផងដែរ។

រដ្ឋមន្រ្តី ក៏បានបញ្ជាក់ថាការចូលរួមទ្រទ្រង់វិស័យសាសនានេះ មិនត្រឹមតែជាការថែរក្សាប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះដ៏រឹងមាំក្នុងការអប់រំចិត្តគំនិត និងពង្រឹងសាមគ្គីភាពក្នុងសង្គមជាតិទាំងមូលផងដែរ។

To Top