ចិន ថ្កោលទោសប្រឆាំង នឹងការបង្ក្រាបក្រុមហ៊ុនចិន របស់សហរដ្ឋអាមេរិក លើអ្វីដែលហៅថា “ការបង្ការពលកម្មដោយបង្ខំ”
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានសម្តែងការថ្កោលទោស យ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ នៅថ្ងៃសៅរ៍ប្រឆាំងនឹងការប្រកាសថ្មីៗ របស់សហរដ្ឋអាមេរិកក្នុងការបន្ថែមអង្គភាពចិនជាង ៤០ ទៅក្នុងអ្វីដែលហៅថា “បញ្ជីអង្គភាពច្បាប់បង្ការពលកម្មដោយបង្ខំរបស់ជនជាតិអ៊ុយហ្គ័រ”។
សកម្មភាពរបស់សហរដ្ឋអាមេរិក ខ្វះមូលដ្ឋានជាក់ស្តែង ខណៈដែលខ្លួនបន្តរំលោភលើអ្វីដែលហៅថា “សិទ្ធិមនុស្ស” និង “ពលកម្មដោយបង្ខំ” ដើម្បីដាក់ទណ្ឌកម្មឯកតោភាគីលើសហគ្រាសចិន ស្របតាមច្បាប់ក្នុងស្រុករបស់ខ្លួន អ្នកនាំពាក្យក្រសួងបានបន្ថែមថា ចលនាបែបនេះ គឺជាការបង្ខិតបង្ខំសេដ្ឋកិច្ច។
អ្នកនាំពាក្យរូបនេះបានលេីកឡេីងថា វិធានការរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យខូចសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន ដែលពាក់ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងរំខានដល់ស្ថិរភាពនៃឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកលយ៉ាងធ្ងន់ធ្ងរ។
អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ជាពិសេសថា នៅថ្ងៃទី៣០ ខែកក្កដា មន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន និងសហរដ្ឋអាមេរិក បានធ្វើការហៅទូរស័ព្ទជាវីដេអូមួយ ដែលក្នុងអំឡុងពេលនោះភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាយ៉ាងស្មោះត្រង់ ស៊ីជម្រៅ និងស្ថាបនា ស្តីពីការរក្សាស្ថិរភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។
ទោះជាយ៉ាងណាក៏ដោយ ត្រឹមតែមួយថ្ងៃក្រោយមក សហរដ្ឋអាមេរិក បានដាក់ចេញនូវវិធានការព្យាបាទទាំងនេះ ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសចិន ដោយបានឃ្លាតឆ្ងាយពីការឯកភាពគ្នារវាងប្រមុខរដ្ឋទាំងពីរ៕
ប្រែសម្រួល ឈូក បូរ៉ា
