ក្រសួងព័ត៌មាន នឹងកោះហៅក្រុមគ្រូតឿ មកអប់រំណែនាំ នៅថ្ងៃទី៣ សីហា
ភ្នំពេញ ៖ ក្រសួងព័ត៌មាន នឹងកោះហៅក្រុមគ្រូតឿ មកអប់រំណែនាំតម្រង់ទិស នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ស្អែកនេះ ក្រោយផលិតមតិកាប៉ះពាល់ដល់វិជ្ជាជីវៈពេទ្យ និងសីលធម៌សង្គម។
យោងតាមលិខិតរបស់ ក្រសួងព័ត៌មាន នាពេលថ្មីៗនេះថា កន្លងមក ក្រសួងព័ត៌មាន បានពិនិត្យ និងតាមដានឃើញថា ទំព័របណ្តាញសង្គមនេះ បានផលិត និងផ្សព្វផ្សាយនូវមាតិកា វីដេអូដែលមានចរិតលក្ខណៈប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ វិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យ ព្រមទាំងជះឥទ្ធិពលអវិជ្ជមានដល់សីលធម៌សង្គម ដែលប្រជាពលរដ្ឋទូទៅតែងតែគោរពប្រតិបត្តិ។
ដើម្បីធានា បាននូវសណ្តាប់ធ្នាប់ព័ត៌មាន ការគោរពក្រមសីលធម៌ និងចៀសវាងការផ្សព្វផ្សាយដែលបង្កភាពអវិជ្ជមាន ដល់សាធារណជន ក្រសួងព័ត៌មាន ថា «សូមអញ្ជើញ លោក និងក្រុមការងារ មកចូលរួមប្រជុំពិភាក្សា និងទទួលការ អប់រំណែនាំតម្រង់ទិស នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៤រសៀល នៅបន្ទប់ប្រជុំជាន់ទី១ នៃអាគារអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ទីស្តីការក្រសួងព័ត៌មាន»៕









