Feature

លោកខូយ រីដា បន្តចុះពិនិត្យស្ថានភាព ប្រព័ន្ធប្រឡាយបង្ហូរទឹកតូច ធំ នៅឃុំមេទឹកនិងឃុំបឹងខ្នា ស្រុកបាកាន

ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៦ នេះ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ បច្ចេកទេស និងអាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពប្រព័ន្ធប្រឡាយបង្ហូរទឹកតូច-ធំ ស្ថិតក្នុងឃុំមេទឹក និងឃុំបឹងខ្នារ ស្រុកបាកាន ព្រមទាំងប្រឡាយធំដំណាក់អំពិល ដើម្បីចាត់ចែង និងអន្តរាគមន៍បែងចែកប្រភពទឹក សង្គ្រោះស្រូវស្រែរបស់ប្រជាកសិករ ដែលកំពុងប្រឈមនឹងការខ្វះខាតទឹកឱ្យបានទាន់ពេលវេលា។

សកម្មភាពចុះអន្តរាគមន៍ផ្ទាល់ដីនាពេលនេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃស្ថានភាពជាក់ស្តែង និងពន្លឿនការនាំទឹកពីប្រភពដើម តាមរយៈប្រព័ន្ធប្រឡាយមេ និងប្រឡាយរង ឱ្យបន្តរហូតដល់ផ្ទៃដីស្រែរបស់ប្រជាកសិករដែលកំពុងត្រូវការទឹកជាចាំបាច់។ លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញ ត្រូវសហការគ្នាឱ្យបានស្អិតល្មួតក្នុងការគ្រប់គ្រង និងបែងចែកទឹកដោយសមធម៌ ដើម្បីធានាថា គ្រប់តំបន់ដែលរងផលប៉ះពាល់ទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់។

លោកអភិបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា ការខិតខំប្រឹងប្រែង និងវិធានការអន្តរាគមន៍បន្ទាន់នាពេលនេះ នឹងអាចស្តារ និងសង្គ្រោះផ្ទៃដីស្រូវស្រែដែលកំពុងប្រឈមនឹងការខូចខាតឱ្យរស់រវើកឡើងវិញបានច្រើនជាអតិបរមា ជួយកាត់បន្ថយការបាត់បង់ផលដំណាំរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕
ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top