ទីបញ្ជាការស្រាល បង្ក្រាបបទល្មើសធនធានធម្មជាតិ ចំនួន ២ គោលដៅ នៅក្នុងដែនជម្រកសត្វព្រៃ បឹងពែរ ខេត្តកំពង់ធំ ទទួលស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងប្រេងឥន្ធនៈ ដើម្បីបន្តសកម្មភាពក្នុងការគ្រប់គ្រងការពារធនធានធម្មជាតិ
កំពង់ធំ ៖ នៅព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ
អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ប្រគល់ភារកិច្ច និងឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ទឹកពិសារបរិសុទ្ធ និងប្រេងឥន្ធនៈ ជូនដល់កងកម្លាំងចម្រុះ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅទីបញ្ជាការស្រាលចំនួន ២ គោលដៅ ដែលកំពុងបំពេញភារកិច្ចក្នុងដែនជម្រកសត្វព្រៃ បឹងពែរ ស្ថិតនៅក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

លោក ហួត តូ មន្ត្រីស្ថាប័នបរិស្ថាន អនុប្រធានទីបញ្ជាការស្រាល ប្រចាំតំបន់ជាំក្របី និងលោក កន ធីន មន្ត្រីស្ថាប័នបរិស្ថាន ប្រចាំការនៅទីបញ្ជាការស្រាល តំបន់ភ្នំប្រង់ ស្ថិតនៅក្នុងឃុំសង្គ្រាម ស្រុកប្រាសាទបល្ល័ង្ក បានឡើងរាយការណ៍ អំពីលទ្ធផលសំខាន់ៗមួយចំនួន ដែលទីបញ្ជាការស្រាល សម្រេចបានក្នុងរយៈពេលកន្លងទៅ និងបានបញ្ជាក់ជូនអំពីបញ្ហាប្រឈមមួយចំនួន ក្នុងការអនុវត្តភារកិច្ច នឹងបានសំណូមពរនូវបញ្ហាមួយចំនួនជូនដល់គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ និងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការដោះស្រាយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានសហការគ្នាបានល្អ ក្នុងការបំពេញភារកិច្ច តាមបទបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដោយក្នុងរយៈពេលកន្លងទៅនេះ កងកម្លាំងចម្រុះ របស់យើង បានខិតខំប្រឹងប្រែង ទប់ស្កាត់ការពារ និងបង្ក្រាបបទល្មើស កាប់ទន្ទ្រានព្រៃឈើរបស់រដ្ឋយកដី ធ្វើជាកម្មសិទ្ធិ ក្នុងដែនជម្រកសត្វព្រៃបឹងពែរទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ដោយគ្មានការលួចកាប់ទន្ទ្រានជាថ្មី ហើយដីព្រៃឈើ ដែលបានលួចកាប់ទន្ទ្រាន នាបណ្ដាឆ្នាំកន្លងទៅ បានដុះលូតលាស់ព្រៃឈើធម្មជាតិឡើងវិញ ជាបណ្ដើរៗហើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចដល់កងកម្លាំងចម្រុះទាំងអស់ ត្រូវបន្តរួមគ្នា ការពារព្រៃឈើ ដែលជាធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃបឹងពែរឲ្យបាន ដោយត្រូវប្រើប្រាស់កងកម្លាំង យាមល្បាតជាប្រចាំ មិនឱ្យមានការលួចកាប់ព្រៃឈើ ដែលជាធនធានធម្មជាតិ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិជាថ្មីទៀតបានជាដាច់ខាត។ ជាមួយនោះដែរ ត្រូវគ្រប់គ្រង ការពារតំបន់មួយចំនួនតូច ដែលបានលួចកាប់ទន្ទ្រានក្នុងពេលថ្មីៗកន្លងទៅប្រមាណពី ៣ ទៅ ៥ ហិកតា នៅតំបន់ត្រពាំងតាយស់ និងត្រពាំងកន្សែង ឲ្យបានល្អ ដើម្បីរក្សាឲ្យព្រៃធម្មជាតិបានដុះលូតឡើងវិញ សម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ទឹកពិសាបរិសុទ្ធ និងប្រេងឥន្ធនៈ មួយចំនួន ដែលជាអំណោយរបស់លោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពង់ធំ ប្រគល់ជូនកងកម្លាំងចម្រុះ នៅទីបញ្ជាការស្រាលទាំងពីរគោលដៅ ដើម្បីបន្តសកម្មភាពក្នុងភារកិច្ចដែលបានប្រគល់ជូនឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត៕ដោយសំនៀង




