កម្ពុជា-ADB ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឥណទានសម្បទាន ២៥០លានដុល្លារ សម្រាប់កម្មវិធីអន្តរាគមន៍ បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច
ភ្នំពេញ ៖ ថ្មីៗនេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, និង លោកស្រី យ៉ាសមីន ស៊ីឌីភី នាយិកាស្ថានតំណាង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានចុះហត្ថលេខារួមគ្នា លើកិច្ចព្រម ព្រៀងឥណទានសម្បទានសម្រាប់ «កម្មវិធីអន្តរាគមន៍ បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច (Rapid Intervention for Stabilization of the Economy Program – RISE)» ក្រោមក្របខណ្ឌ័ Countercyclical Support Facility (CSF) មានទំហំហិរញ្ញប្បទានសរុបចំនួន ២៥០លានដុល្លារអាម៉េរិក ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា «កម្មវិធី RISE» មានគោលបំណងគាំទ្រដល់ការអនុវត្ត «កម្មវិធីអន្តរាគមន៍ គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹង សភាពការណ៍ពហុវិបត្តិ” ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងគោលដៅបង្កើតមុខរបរ និងការងារ, ធានាលំនឹង ជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បីឆ្លើយតបនឹងផលប៉ះពាល់អវិជ្ជមានជាបន្តបន្ទាប់ ដែលបណ្តាលមកពីពហុវិបត្តិ និងភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសកល និងតំបន់»។
កម្មវិធី RISE ផ្តោត លើសម្មិទ្ធិផលគន្លឹះចំនួន ៣ រួមមាន៖ ១. ការកាត់បន្ថយផលប៉ះពាល់ជាបណ្តោះអាសន្នពីការប្រែប្រួលខ្លាំងនៃថ្លៃ ប្រេងឥន្ធនៈលើសេដ្ឋកិច្ច; ២. ការផ្តល់ជំនួយហិរញ្ញវត្ថុចំគោលដៅ និងការគាំទ្រសកម្មភាពកសិកម្មជូនគ្រួសារ ងាយរងគ្រោះ និង ៣. ការពន្លឿនអន្តរកាលបៃតង សំដៅពង្រឹងភាពធន់ និងភាពឆ្លើយតបចំពោះវិបត្តិថាមពលជា យថាហេតុនាពេលអនាគត ។ ការទទួលបានហិរញ្ញប្បទានសម្រាប់ “កម្មវិធី RISE” ក្រោមយន្តការ CSF នាពេលនេះ មិនត្រឹមតែជាការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដំណោះស្រាយទាន់ពេលវេលា ដើម្បីជួយ ទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាឱ្យឆ្លងផុតពីកាលៈទេសៈដ៏លំបាកនេះ និងរក្សាសន្ទុះកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
កម្ពុជា ជាប្រទេសសមាជិកទី ១ ដែលទទួលបានការគាំទ្រពី ADB លើ “កម្មវិធី RISE” នេះ, ដែលត្រូវបាន អនុម័តដោយក្រុមប្រឹក្សាភិបាល ADB កាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៦ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឥណទានក្នុងថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៦។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរ និង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Masato Kanda ប្រធាន ADB ដែលបានប្រកាសដាក់ចេញនូវកញ្ចប់ អន្តរាគមន៍ក្រោមក្របខណ្ឌ CSF ដែលជាការឆ្លើយតបរបស់ ADB យ៉ាងឆាប់រហ័សចំពោះវិបត្តិនៅមជ្ឈិមបូព៌ា ព្រមទាំងបានថ្លែងអំណរគុណដល់ស្ថានតំណាង ADB ប្រចាំកម្ពុជា និងក្រុមបេសកកម្មរបស់ ADB ដែលបាន សហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ក្នុងការរៀបចំ និងបំពេញនីតិវិធីនានា រហូតឈានដល់ការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។
លោក Nianshan Zhang បានវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលក្នុងភាពជាម្ចាស់ និងកិច្ចខិតខំប្រឹង ប្រែងរក្សាស្ថិរភាពសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជន ក្នុងកាលៈទេសៈដ៏លំបាកនេះ ដោយបានគិតគូរ និងដាក់ ចេញនូវវិធានការយ៉ាងឆាប់រហ័ស ដោះស្រាយបញ្ហាប្រឈម សំដៅកាត់បន្ថយផលប៉ះពាល់លើជីវភាពប្រជាជន និងសេដ្ឋកិច្ច ព្រមទាំងពង្រឹងភាពធន់ និងភាពឆ្លើយតបរបស់កម្ពុជា ចំពោះវិបត្តិថាមពលជាយថាហេតុនា ពេលអនាគត ។ ADB បន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា រួមគ្នាដោះស្រាយ បញ្ហាប្រឈមនានា ដើម្បីធានាបាននូវកិច្ចអភិវឌ្ឍន៍ប្រកបដោយ និងចីរភាព៕
