កម្មករនិយោជិត បម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ ការសិក្សាពីគ្រឹះស្ថាន TVET
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំក្រសួងបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.ក (Toyota Tsusho Manufacturing (Cambodia) Co., Ltd) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។

ការអញ្ជើញចុះជួបសំណេះសំណាល ជាមួយបងប្អូនកម្មករកម្មការិនី ប្រកបដោយបរិយាកាសរីករាយ និងភាពស្និទ្ធស្នាលនាពេលនេះ ថ្នាក់ដឹកនាំក្រសួងការងារបានសាកសួរសុខទុក្ខដោយផ្ទាល់ និងឈ្វេងយល់ពីស្ថានភាពការងារប្រចាំថ្ងៃរបស់បងប្អូនកម្មករនិយោជិត ដែលកំពុងបម្រើការងារនៅរោងចក្រ ដើម្បីផ្តល់ជាដំណោះស្រាយ ជូនដល់បងប្អូនជាបន្តបន្ទាប់ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ ខ្ពស់ទាំង ១០ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងអនុសាសន៍ ១០ចំណុចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។

នាឱកាសនោះ លោកបានផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូន និងគិតគូរធ្វើឱ្យជីវភាពរស់ នៅរបស់បងប្អូនកាន់តែប្រសើរឡើង។ លោកក៏បានជម្រាបជូនបងប្អូនពីការខិតខំប្រឹងប្រែង របស់ក្រសួងការងារក្នុងការធានា ឱ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដោយបង្កើននូវទំនាក់ទំនងជិតស្និទ្ធរវាងបងប្អូនកម្មករនិយោជិត និងម្ចាស់សហគ្រាស រោងចក្រ រួមគ្នាដោះស្រាយរាល់បញ្ហា ចៀសវាងនូវវិវាទការងារ ដែលនាំដល់ការធ្វើកូដកម្មខុសនីតិវិធីច្បាប់ ។

ទន្ទឹមនេះ លោករដ្ឋមន្រ្តីបានបង្ហាញ នូវក្តីរីករាយយ៉ាងក្រៃលែង ដែលបងប្អូនកម្មករនិយោជិតនៅទីនេះ ភាគច្រើនបានបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET ដែលជាមោទនភាពសម្រាប់ក្មួយៗផ្ទាល់ និងសម្រាប់ TVET ក៏ដូចជាសម្រាប់ប្រទេសជាតិផងដែរ ចំពោះការផ្គុំ និងដំឡើងរថយន្តដោយកូនខ្មែរព្រោះថា រថយន្ត តូយ៉ូតា ជាម៉ាកគុណភាព និងពេញនិយមប្រើប្រាស់នៅកម្ពុជា ។
លោកបានលើកទឹកចិត្តឱ្យក្មួយៗបន្តឆ្លៀតពេលពីការងារចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈកម្រិតខ្ពស់បន្ថែមទៀតនៅគ្រឹះស្ថាន TVET និងបានផ្តាំផ្ញើឱ្យបន្តយកចិត្តទុកដាក់បំពេញការងារ លើកកម្ពស់ជំនាញវិជ្ជាជីវៈ និងរួមគ្នាថែរក្សាសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីបង្កើនផលិតភាពការងារ រួមចំណែកដល់ការអភិវឌ្ឍរោងចក្រ ក៏ដូចជាសេដ្ឋកិច្ចជាតិ។

លោករដ្ឋមន្ត្រី វាយតម្លៃខ្ពស់ ចំពោះម្ចាស់រោងចក្រ ដែលបានផ្តល់ឱកាសការងារ និងអនុវត្តប្រកបដោយអនុលោមភាព តាមច្បាប់ស្តីពីការងារ បានយ៉ាងល្អប្រសើរ ក៏ដូចជាផ្តល់អត្ថប្រយោជន៍ នានាជូនដល់បងប្អូនកម្មករនិយោជិត ហើយរោងចក្រនេះមានប្រព័ន្ធគ្រប់គ្រងដោយបច្ចេកវិទ្យា និងកន្លែងធ្វើការប្រកបដោយផាសុកភាព ។ ក្រសួងនឹងបន្តកិច្ចសហការជាមួយក្រុមហ៊ុន ដើម្បីផ្តល់ឱ្យកាសទទួលបានការបណ្តុះបណ្តាល ការងារ និងប្រាក់ចំណូលកាន់តែប្រសើរបន្ថែមទៀត ។

លោកឧកញ៉ា គង់ នួន ម្ចាស់រោងចក្រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ដែលបានអញ្ជើញ ចុះសួរសុខទុក្ខបងប្អូនកម្មករនិយោជិតដោយផ្ទាល់ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងចំពោះសុខុមាលភាព និងលក្ខខណ្ឌការងារ របស់បងប្អូន ព្រមទាំងជាកម្លាំងលើកទឹកចិត្ត ដល់រោងចក្រផងដែរ ក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួង ក្នុងការបន្តអភិវឌ្ឍ វិស័យឧស្សាហកម្មនៅកម្ពុជា។

រោងចក្រ តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង បានបើកដំណើរការកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។
បច្ចុប្បន្នមានកម្មករ និយោជិតបំពេញការងារចំនួន ១៤២នាក់ (ស្រី ២៤នាក់)។ កម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET។

ទន្ទឹមនឹងការទទួលបានលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន និងមានទីកន្លែងសម្រាប់ទទួលទានអាហារ និងផ្តល់ថ្លៃបាយថ្ងៃត្រង់ចំនួន ២ពេលក្នុងមួយថ្ងៃ បងប្អូនកម្មករនិយោជិត បានសម្តែងនូវសេចក្តីត្រេកអរយ៉ាងក្រៃលែង ចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រសួង ដែលពិតជាបង្ហាញ ឱ្យឃើញពីការ យកចិត្តទុកដាក់ខ្ពស់ និងផ្តល់នូវភាពកក់ក្តៅដល់ពួកគាត់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ដែលខិតខំបង្កើត ឱកាសការងារជូនប្រជាពលរដ្ឋ ហើយបានប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ។ លក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅរោងចក្រនេះ មានស្តង់ដាខ្ពស់ រួមទាំងអត្ថប្រយោជន៍ពីបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.)ផងដែរ៕






















