រាជរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រដើម្បីធានាថា «ការវិនិយោគ លើការផលិត ខ្សែភ្លើងក្នុងរថយន្ត» រក្សាបានវឌ្ឍនភាពជាបន្តបន្ទាប់
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តគាំទ្រ និងសម្របសម្រួលដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថា «ការវិនិយោគលើការផលិតខ្សែភ្លើងក្នុងរថយន្ត» រក្សាបាននូវវឌ្ឍនភាពជាបន្តបន្ទាប់ និងលើកទឹកចិត្តដល់ការពង្រីកទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា។
នេះជាការលើកឡើង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារស្តីពី «វឌ្ឍនភាពនៃការវិនិយោគលើវិស័យផលិតខ្សែភ្លើងក្នុងរថយន្តនៅកម្ពុជា» នៅថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញ ពីជំហរយ៉ាងរឹងមាំរបស់រាជរដ្ឋាភិបាល ក្នុងការបន្តគាំទ្រ និងសម្របសម្រួលជានិច្ច ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាថា ការវិនិយោគលើការផលិតខ្សែភ្លើងក្នុងរថយន្ត រក្សាបាននូវវឌ្ឍនភាពជាបន្តបន្ទាប់ ព្រមទាំងបន្តបង្កើនបរិយាកាសអំណោយផលក្នុងការជំរុញ និងលើកទឹកចិត្តដល់ការពង្រីកទុនវិនិយោគបន្ថែម នាពេលខាងមុខ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីសារសំខាន់ នៃវិស័យមួយនេះ ក្នុងការរួមចំណែកយ៉ាងសកម្ម ដល់ការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងបច្ចេកវិទ្យាទំនើបផងដែរ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់ការណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ឱ្យបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីឯកជន ក្នុងការតាមដាន និងឆ្លើយតបលើរាល់សំណូមពរ ដែលបានលើកឡើងក្នុងកិច្ចប្រជុំ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កើនភាពប្រកួតប្រជែង របស់កម្ពុជា ក្នុងតំបន់និងសកលលោក។
ជាលទ្ធផល តំណាងក្រុមហ៊ុនផលិតខ្សែភ្លើងក្នុងរថយន្តទាំងអស់ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ក.អ.ក. ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានបើកវេទិកាពិភាក្សាដោយផ្ទាល់ ប្រកបដោយភាពស្និទ្ធស្នាល និងឆន្ទៈសហការខ្ពស់។ កិច្ចប្រជុំបានបញ្ចប់ទៅដោយក្នុងបរិយាកាសស្និទ្ធស្នាល ដោយទទួលបាននូវការប្តេជ្ញាចិត្តរួមគ្នារវាងផ្នែករដ្ឋ និងវិស័យឯកជន ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ក្នុងគោលដៅពង្រឹងជំនឿទុកចិត្តលើបរិយាកាសវិនិយោគនៅកម្ពុជា ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន៕









