លោក ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យ ស្ថានីយផលិតទឹកសុវត្ថិភាព សហគមន៍របស់អង្គការទឹកស្អាត ១០០១ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ
កំពង់ធំ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានីយផលិតទឹកសុវត្ថិភាព សហគមន៍ របស់អង្គការទឹកស្អាត ១០០១ ស្ថិតនៅក្នុងបរិវេណ សាលាឃុំបារាយណ៍ ក្នុងភូមិក្រសាំងជ័យ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

តាមរយៈបទបង្ហាញ ដោយផ្ទាល់ដោយតំណាងអង្គការ បានឱ្យដឹងថា អង្គការទឹកស្អាត១០០១ គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ ដែលបាននិងកំពុងអនុវត្តសកម្មភាព ផ្គត់ផ្គង់ទឹកសុវត្ថិភាពសម្រាប់បរិភោគ ដល់ប្រជាពលរដ្ឋនៅជនបទ នៃប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០៥ ។ រហូតមកដល់បច្ចុប្បន្នន អង្គការទឹកស្អាត១០០១ បានសាងសង់និងដាក់ឱ្យដំណើរការ ស្ថានីយផលិតទឹកពិសាចំនួន ៣៥០ ស្ថានីយ ក្នុងឃុំគោលដៅចំនួន ៣៥០ឃុំ នៃស្រុកចំនួន ១២៨ ស្រុក នៅក្នុងខេត្តគោលដៅចំនួន ១៨ ខេត្ត នៃប្រទេសកម្ពុជា។ ក្នុងនោះនៅក្នុងខេត្តកំពង់ធំ អង្គការទឹកស្អាត១០០១ បាននិងកំពុងដាក់ឱ្យដំណើរការ ស្ថានីយផលិតទឹកពិសាសហគមន៍ អូ វី ចំនួន ២៦ស្ថានីយ (ស្ថានីយមិនដំណើរការ ១ស្ថានីយ) ដែលកំពុងផ្គត់ផ្គង់ទឹកសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋសរុបចំនួន ៩៦ ៣១២នាក់ ព្រមទាំងសិស្សានុសិស្សសរុបចំនួន ២០ ១៨៣នាក់។ ដោយឡែក ស្ថានីយផលិតទឹកសហគមន៍ស្ថិតនៅក្នុងសាលាឃុំបារាយណ៍នេះ មានសមត្ថភាពផលិតទឹកដាក់ប៊ីដុងចំណុះ ២០លីត្រ បានចំនួន ២០០ប៊ីដុង ក្នុង១ថ្ងៃ ដែលបម្រើផលប្រយោជន៍ដល់ប្រជាជនចំនួន ៩៣០គ្រួសារ ស្មើនឹង ៤ ៩៤៨នាក់ ក្នុងភូមិចំនួន ១២ នៃឃុំបារាយណ៍ ស្រុកបារាយណ៍។ លើសពីនេះទៀត ស្ថានីយផលិតទឹកសហគមន៍នេះ ក៏បានផ្គត់ផ្គង់ទឹកជូនសិស្សានុសិស្សចំនួន ២សាលា គឺសាលាបឋមសិក្សាបារាយណ៍ និងសាលាបឋមសិក្សាជីអោក ក្នុងឃុំបារាណ៍ ដែលមានសិស្សានុសិស្សប្រើប្រាស់សរុបចំនួន ៨៣៣នាក់។

ក្នុងឱកាសនៃការចុះពិនិត្យសមិទ្ធផល នាឱកាសនោះ លោករដ្ឋមន្ដ្រី បានថ្លែងអំណរគុណជូនចំពោះ អង្គការទឹកស្អាត ១០០១ ដែលបានដល់ការគាំទ្រ លើការងារផ្គត់ផ្គង់ទឹកសុវត្ថិភាព ជូនដល់ប្រជាជននៅតំបន់ជនបទ ក្នុងខេត្តគោលដៅក្នុងប្រទេសកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានផ្ដល់កិច្ចសហការយ៉ាងល្អប្រសើរ ដល់អង្គការដៃគូ ក្នុងការបំពេញការងារបានងាយស្រួល និងមានប្រសិទ្ធភាព។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រី បានជម្រាបជូន អំពីយុទ្ធសាស្ត្រ និងគោលដៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតរស់នៅ របស់ប្រជាជននៅតំបន់ជនបទ ក្នុងនោះក្រសួងបាននិងកំពុងផ្ដោតយកចិត្តទុកដាក់ លើការងារផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទដើម្បីឱ្យប្រជាជននៅតំបន់ជនបទទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យប្រកបដោយសមធម៌ បរិយាបន្ន ភាពធន់និងនិរន្តរភាព ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរដល់អង្គការទឹកស្អាត ១០០១ ពិនិត្យលទ្ធភាពក្នុងការពង្រីកវិសាល នៃការផ្គត់ផ្គង់ទឹកសុវត្ថិភាពជូនដល់ប្រជាជននៅតាមខេត្តផ្សេងទៀត ជាពិសេសខេត្តដែលនៅជុំវិញបឹងទន្លេសាប និងតាមដងទន្លេមេគង្គ ដែលទឹកក្រោមដីមានផ្ទុកកម្រិតសារធាតុអាសេនិចខ្ពស់។

បន្ថែមពីនេះទៀត លោករដ្ឋមន្ត្រី បានស្នើដល់អាជ្ញាធរមូលដ្ឋាន សូមបន្តផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឱ្យមានការប្រើប្រាស់ទឹកស្អាត ប្រកបដោយភាពសន្សំសំចៃ ប្រកាន់ខ្ជាប់ខ្ជួន នូវការអនុវត្តអនាម័យតាមក្បួនខ្នាតត្រឹមត្រូវដើម្បីបញ្ជៀសជម្ងឺឆ្លង និងត្រូវថែរក្សានូវសមិទ្ធផលទាំងនេះ ឱ្យបានល្អប្រសើរដើម្បីអាចបម្រើផលប្រយោជន៍ ជូនដល់ប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង៕











