ព័ត៌មានអន្តរជាតិ

កិច្ចព្រមព្រៀងថ្មី ស្ដីពីបញ្ហាច្រកសមុទ្រហ័រមូស កាន់តែខិតជិតមកដល់ បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ យល់ព្រមវិលចូលតុចរចា

វ៉ាស៊ីនតោប៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ការចរចាជាមួយអ៊ីរ៉ង់ នឹងចាប់ផ្តើមឡើងវិញនៅរសៀលថ្ងៃចន្ទ ខណៈដែលទីក្រុងតេអេរ៉ង់ បានឲ្យដឹងថា កិច្ចព្រមព្រៀងជាមួយប្រទេសអូម៉ង់ លើផ្លូវដឹកជញ្ជូនថ្មីមួយឆ្លងកាត់ច្រកសមុទ្រហ័រមូស ជិតបញ្ចប់ហើយ។

លោក ត្រាំ បានប្រកាសកាលពីថ្ងៃអាទិត្យថា ការចរចាជាមួយតំណាងអ៊ីរ៉ង់ នឹងចាប់ផ្តើមនៅរសៀលថ្ងៃចន្ទ ប៉ុន្ដែលោកមិនបានលើកឡើងនោះទេថា ការចរចានឹងត្រូវបានធ្វើឡើងនៅទីណា ឬអ្នកណានឹងចូលរួមនោះទេ។

ការប្រកាសនេះបានកើតឡើង បន្ទាប់ពីរយៈពេលជាច្រើនថ្ងៃនៃវោហាសាស្ត្រ កាន់តែខ្លាំងឡើង និងកិច្ចខិតខំប្រឹងប្រែងការទូតឡើងវិញ។ លោក ត្រាំ បានព្រមានអំពីសកម្មភាពយោធាបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់ មុនពេលយល់ព្រមផ្តល់ពេលវេលាបន្ថែមទៀតសម្រាប់ការចរចា ខណៈដែលរដ្ឋឈូងសមុទ្រ រួមទាំងអារ៉ាប៊ីសាអូឌីត បានអំពាវនាវឱ្យមានការសន្ទនា ដើម្បីទប់ស្កាត់ការកើនឡើងបន្ថែមទៀតនៅក្នុងតំបន់។

នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម លោក ត្រាំ បានឲ្យដឹងថា កិច្ចព្រមព្រៀងដែលបានស្នើឡើងនឹងរួមបញ្ចូលការបើកច្រកសមុទ្រហ័រមូសឡើងវិញ “ភ្លាមៗ ពេញលេញ និងទាំងស្រុង” និងដោះស្រាយការព្រួយបារម្ភអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

ទោះជាយ៉ាងណាក៏ដោយ ទីក្រុងតេអេរ៉ង់មិនបានបញ្ជាក់ថា ការចរចាជាមួយសហរដ្ឋអាមេរិកនឹងកើតឡើងឆាប់ៗនេះទេ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានបដិសេធនៅថ្ងៃចន្ទថា ប្រទេសរបស់លោកកំពុងចូលរួម ក្នុងការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន។

មន្ត្រីអ៊ីរ៉ង់បានបដិសេធការអះអាងរបស់លោក ត្រាំ ដែលថាអ៊ីរ៉ង់ បានស្នើសុំឱ្យសហរដ្ឋអាមេរិក លុបចោលការវាយប្រហារដែលបានគ្រោងទុក។ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឲ្យដឹងថា កិច្ចព្រមព្រៀងក្របខ័ណ្ឌ ដែលមានស្រាប់ជាមួយសហរដ្ឋអាមេរិក អាចផ្តល់មូលដ្ឋានសម្រាប់ការចូលរួម នាពេលអនាគតជាមួយទីក្រុងវ៉ាស៊ីនតោន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top