Feature

លោក ឃួន ផុនរតនៈ ជួបពិភាក្សាការងារ ជាមួយអនុប្រធានសមាគម ជនជាតិកូរ៉េនៅកម្ពុជា

ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សា ការងារជាមួយលោកស្រី Lee Hyun-ju អនុប្រធានសមាគមជនជាតិកូរ៉េនៅកម្ពុជា លោក Lee Chang-hoon នាយកប្រតិបត្តិ នៃក្រុមហ៊ុន Insan Coporation និងលោក Alex C. Kim ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន Blue Earth Systems នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។

តាងនាមសមាគមជនជាតិកូរ៉េនៅកម្ពុជា លោកស្រី Lee Hyun-Ju បានអញ្ជើញឯកឧត្តមឯកអគ្គរាជទូត ចូលរួមក្នុងកម្មវិធីខួបគម្រប់ ៣០ឆ្នាំនៃការបង្កើតសមាគមជនជាតិកូរ៉េនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅចុងខែសីហា ខាងមុខនេះ។

លោកស្រីបានបញ្ជាក់ថា កម្មវិធីខួបគម្រប់ ៣០ឆ្នាំនៃសមាគមជនជាតិកូរ៉េនៅកម្ពុជា គ្រោងអញ្ជើញមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងកូរ៉េ ព្រមទាំងមានការរៀបចំវេទិកាធុរកិច្ច ដែលនឹងមានវត្តមានក្រុមហ៊ុនកូរ៉េប្រមាណ ៥០ក្រុមហ៊ុនចូលរួមផងដែរ។ លោកស្រីសង្ឃឹមថា កម្មវិធីនេះនឹងអាចក្លាយជាវេទិកាថ្មីមួយ សម្រាប់វិនិយោគិនកូរ៉េ ក្នុងការស្វែងរកដៃគូ និងបង្កើតឱកាសវិនិយោគក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតបឯកអគ្គរាជទូត បានថ្លែងអំណរគុណ ចំពោះការអញ្ជើញលោកចូលរួមក្នុងពិធីខួបគម្រប់ ៣០ឆ្នាំ នៃការបង្កើតសមាគមជនជាតិកូរ៉េនៅកម្ពុជា។ លោកមានប្រសាសន៍ថា សមាគមជនជាតិកូរ៉េនៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងកូរ៉េ។ លោកបន្តថា ស្ថានទូតរីករាយ ក្នុងការផ្តល់កិច្ចសហការ និងសម្របសម្រួលសម្រាប់គ្រប់គម្រោង វិនិយោគដែលចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ៕

To Top