រដ្ឋមន្ត្រីមុខងារសាធារណៈ ៖ គ្រប់នវានុវត្តន៍ទាំងអស់ តែងតែមានកត្តា «មនុស្ស» ជាតួអង្គស្នូល
សៀមរាប ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា គ្រប់នវានុវត្តន៍ទាំងអស់តែងតែមានកត្តាមនុស្ស ជាតួអង្គស្នូល ព្រោះថា «កត្តាមនុស្ស និងប្រព័ន្ធ ត្រូវបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកជានិច្ច»។
ការលើកឡើងរបស់លោក ហ៊ុន ម៉ានី នាឱកាសអញ្ជើញជាអធិបតី បើកវេទិកាស្តីពីអភិបាលកិច្ចល្អ ក្រោមប្រធានបទ «នវានុវត្តន៍សម្រាប់ការផ្តល់ សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» (Innovation for Better Public Service Delivery) នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦។
វេទិកានេះប្រារព្ធឡើងក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូកបីលើកទី៨ (8th ACCSM+3) ស្តីពីកិច្ចការមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីប្រធានប្រតិភូ លេខាធិការដ្ឋានអាស៊ាន មន្ត្រីជាន់ខ្ពស់ មន្ត្រីបង្គោល ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។
ថ្លែងសុន្ទរកថាបើកវេទិកា លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វេទិកានាថ្ងៃនេះ គឺមានអត្ថន័យលើសពីជំនួបផ្លូវការ ដោយបានក្លាយជាឱកាសមាស សម្រាប់ការពិគ្រោះយោបល់ ការផ្លាស់ប្តូរបទពិសោធ និងឧត្តមានុវត្តន៍រវាងអ្នកអនុវត្តផ្ទាល់ អ្នករៀបចំគោលនយោបាយ អ្នកផ្តល់សេវាសាធារណៈ និងអ្នកជំរុញកំណែទម្រង់។ បន្ថែមពីនេះ វេទិកានេះគឺជាមូលដ្ឋានគ្រឹះ ក្នុងការពង្រឹងសហប្រតិបត្តិការដ៏រឹងមាំ ក្នុងវិស័យរដ្ឋបាលសាធារណៈ ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការបម្រើឧត្តមប្រយោជន៍ និងការឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាជន។
លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ស្របពេលដែលប្រព័ន្ធបច្ចេកវិទ្យា មានការវិវត្តយ៉ាងឆាប់រហ័ស រដ្ឋបាលសាធារណៈ ក៏ត្រូវតែសម្របខ្លួន ឱ្យទាន់បរិបទថ្មីៗ និងបញ្ហាប្រឈមនានាផងដែរ។ ឈរលើបរិបទអន្តរជាតិ ដែលកំពុងប្រែប្រួលស្មុគស្មាញ ទាំងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ភាពតានតឹងភូមិសាស្ត្រនយោបាយ វិបត្តិថាមពល និងការប្រែប្រួលសណ្តាប់ធ្នាប់ពិភពលោក កត្តាទាំងនេះទាមទារឱ្យយើងត្រូវត្រៀមខ្លួនជានិច្ច។ ហេតុនេះ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងបណ្តាប្រទេសសមាជិកអាស៊ាន និងអាស៊ានបូកបី គឺជាភាពចាំបាច់មិនអាចខ្វះបាន។
ផ្សារភ្ជាប់នឹងបរិបទនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកពីវឌ្ឍនភាព នៃការងារកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា ដោយបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការខិតខំពង្រឹងភាពប្រកួតប្រជែងទាំងកម្រិតតំបន់ និងសកល។
លើសពីការតាមឱ្យទាន់នូវការវិវត្តនៃប្រព័ន្ធបច្ចេកវិទ្យា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការពង្រឹងសមត្ថភាពមន្ត្រី ជាអាទិភាពខ្ពស់បំផុត ដោយជឿជាក់យ៉ាងមុតមាំថា «គ្រប់នវានុវត្តន៍ទាំងអស់តែងតែមានកត្តាមនុស្ស ជាតួអង្គស្នូល ព្រោះថាកត្តាមនុស្ស និងប្រព័ន្ធ ត្រូវបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកជានិច្ច»៕









