ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសអ៊ីរ៉ង់ បដិសេធការចរចា ជាមួយសហរដ្ឋអាមេរិក និងនិយាយថា មិនមានកិច្ចប្រជុំណាមួយត្រូវបានគ្រោងទុកឡើយ ទោះបីជាលោក Trump បានអះអាង

បរទេស៖ កាសែត The Wall Street Journal បានរាយការណ៍កាលពីថ្ងៃចន្ទដោយដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaeiថា មិនមានការចរចាណាមួយ ដែលកំពុងដំណើរការរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកទេ ហើយក៏មិនមានកិច្ចប្រជុំនាពេលខាងមុខ ដែលបានគ្រោងទុកដែរ ទោះបីជាមានការអះអាងពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ដោយ ។

យោងតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ថា លោក Baghaei បានប្រាប់ កាសែត The Wall Street Journal ថា អ្នកចរចាទាំងអស់របស់អ៊ីរ៉ង់នៅតែស្ថិតនៅក្នុងប្រទេស លើកលែងតែរដ្ឋមន្ត្រីការបរទេស Abbas Araghchi ដែលកំពុងទៅទស្សនាកន្លែងសាសនាមួយនៅក្នុងប្រទេសអ៊ីរ៉ាក់។

ម្យ៉ាងវិញទៀត ក្រសួងការបរទេសអ៊ីរ៉ង់បានបញ្ជាក់ថា ការចរចាជាមួយអូម៉ង់ទាក់ទងនឹងអនាគតនៃច្រកសមុទ្រ Hormuz កំពុងបន្ត ហើយទាំងអូម៉ង់ និងអ៊ីរ៉ង់បានកត់សម្គាល់ថា មានវឌ្ឍនភាពដែលសម្រេចបានក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

អ្នកសម្របសម្រួលក្នុងការពិភាក្សា បានប្រាប់ WSJ ថា សំណើបច្ចុប្បន្នដែលកំពុងត្រូវបានពិចារណា ពាក់ព័ន្ធនឹងការបង្កើតផ្លូវថ្មី បណ្តោះអាសន្នឆ្លងកាត់ច្រកសមុទ្រសម្រាប់ការដឹកជញ្ជូនពាណិជ្ជកម្ម ហើយកប៉ាល់ចេញពីអ៊ីរ៉ង់នឹងចូល តាមដែនទឹកអ៊ីរ៉ង់ និងចេញតាមដែនទឹកអូម៉ង់ដោយមិនបង់ថ្លៃសេវាណាមួយឡើយ។

អ្នកសម្របសម្រួលបាននិយាយថា ពួកគេនៅតែរង់ចាំការឆ្លើយតបពីកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ប៉ុន្តែអ៊ីរ៉ង់បានឆ្លើយតបដោយអំណោយផល។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមកអ៊ីរ៉ង់បានទាមទារឱ្យលុបចោលទណ្ឌកម្មលើប្រេងរបស់ខ្លួន ហើយឱ្យខ្លួនទទួលបានការធានាថា ខ្លួននឹងមិនត្រូវបានវាយប្រហារឡើយ។
ប្រែសម្រួលៈ  ណៃ តុលា

To Top