សារព័ត៌មាន Times of India ៖ ឥណ្ឌានាំចូលប្រេងឆៅ ពីប្រទេសរុស្ស៊ី បានកើនឡើងដល់កម្រិតខ្ពស់បំផុត
បរទេស៖ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា ការនាំចូលប្រេងឆៅរបស់ឥណ្ឌា ពីប្រទេសរុស្ស៊ីបានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងខែកក្កដា ដែលមានចំនួន ៥៥% នៃការទិញប្រេងឆៅសរុបរបស់ខ្លួន ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ថា ការដឹកជញ្ជូនបានកើនឡើងដល់ប្រហែល ២,៦ លានបារ៉ែលក្នុងមួយថ្ងៃ (mbd) នេះបើយោងតាមកាសែត Times of India ដែលបានដកស្រង់សម្តីរបស់លោក Sumit Ritolia អ្នកវិភាគឈានមុខគេសម្រាប់ការធ្វើគំរូ និងការចម្រាញ់នៅ Kpler។
ការកើនឡើងនៃការទិញបានកើតឡើង ទោះបីជាការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រេងរបស់រុស្ស៊ីនៅតែមានសុពលភាពក៏ដោយ។ បន្ទាប់ពីជម្លោះនៅមជ្ឈិមបូព៌ា បានបង្កឱ្យមានការកើនឡើងនៃតម្លៃប្រេង សហរដ្ឋអាមេរិកបានលើកលែងទណ្ឌកម្ម – ជាឧបករណ៍បន្ថយតម្លៃ លើប្រេងរបស់រុស្ស៊ីដែលបានផ្ទុករួច ហើយនៅលើនាវាយ៉ាងហោចណាស់បីដង។ ការលើកលែងចុងក្រោយត្រូវបានចេញនៅក្នុងខែឧសភា ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានអនុញ្ញាតឱ្យវាផុតកំណត់ដោយស្ងៀមស្ងាត់នៅថ្ងៃទី ១៩ ខែមិថុនា ខណៈដែលការផ្គត់ផ្គង់ប្រេងសកលនៅតែមានកម្រិត ហើយស្តុកភាគច្រើនត្រូវបានទាញចុះនៅទូទាំងពិភពលោក។
ការនាំចូលប្រេងឆៅរបស់រុស្ស៊ីបានកើនឡើង ១,៨% ក្នុងខែមិថុនា ទោះបីជាការនាំចូលសរុបរបស់ទីក្រុងញូវដេលីខ្ពស់ជាងបន្តិចក៏ដោយ កើនឡើង ០,១% ។ ចំណែករបស់ទីក្រុងមូស្គូ ក៏បានកើនឡើងពី ៥៤,៤% ផងដែរ ដែលធ្វើឲ្យកាន់តែរឹងមាំឡើង នូវតំណែងរបស់ខ្លួនជាអ្នកផ្គត់ផ្គង់ កំពូលរបស់ទីក្រុងញូវដេលី។ ការនាំចូលប្រេងឆៅរបស់រុស្ស៊ីទៅកាន់ប្រទេសឥណ្ឌាបានកើនឡើងជាងទ្វេដងពី ២៣,៤% ក្នុងខែមករា។
ការផ្គត់ផ្គង់ប្រេងឆៅ Ural របស់រុស្ស៊ីបានជួយដល់ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌា បន្ទាប់ពីការរំខានដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ានៅតែបន្ត។ ទីក្រុងមូស្គូក៏បានកាត់បន្ថយការបញ្ចុះតម្លៃយ៉ាងខ្លាំងមកត្រឹម ២-៣ ដុល្លារក្នុងមួយបារ៉ែលនាពេលថ្មីៗនេះ៕
ប្រែសម្រួលៈ ណៃ តុលា









