Feature

រដ្ឋមន្ត្រីបរិស្ថាន ៖ ការលើកកម្ពស់ការ ប្រើយានយន្តថាមពលស្អាត គឺជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ការលើកកម្ពស់ការប្រើប្រាស់ យានយន្តថាមពលស្អាត គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយការបំពុលបរិស្ថាន និងជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព ។

ការលើកឡើងរបស់ លោកបណ្ឌិត អ៊ាង សុផល្លែត នាឱកាសទទួលជួបសម្តែងការគួរសមពីលោក ស៊ន ភិរម្យ នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនរចនា អេកូអេនើជី អ៊ី វី អូតូម៉ូធីវ ខេមបូឌា (Eco Energy EV Automotive Cambodia) នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ដើម្បីបង្ហាញអំពីរថយន្តភីកអាប់អគ្គិសនី សុទ្ធម៉ាក Rely EV និងពិភាក្សាអំពីឱកាស នៃកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ ការប្រើប្រាស់មធ្យោបាយ ដឹកជញ្ជូនប្រើប្រាស់ ថាមពលស្អាតនៅកម្ពុជា។

ក្នុងជំនួបនេះ លោក ស៊ន ភិរម្យ បានធ្វើបទបង្ហាញ អំពីលក្ខណៈបច្ចេកទេស សមត្ថភាព និងអត្ថប្រយោជន៍ នៃរថយន្តភីកអាប់អគ្គិសនីសុទ្ធម៉ាក Rely EV ដែលជាជម្រើសមួយក្នុងការ កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបំពុលបរិស្ថាន ព្រមទាំងបានលើកឡើងពីឱកាសនៃកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន ក្នុងការជំរុញការប្រើប្រាស់យានយន្ត ថាមពលស្អាតឱ្យកាន់តែទូលំទូលាយ។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានសម្តែង ការស្វាគមន៍ ចំពោះការវិនិយោគ និងការនាំយកបច្ចេកវិទ្យា រថយន្តអគ្គិសនីមកកាន់ប្រទេសកម្ពុជា ដោយបានបញ្ជាក់ថា «ការលើកកម្ពស់ការប្រើប្រាស់យានយន្តថាមពលស្អាត គឺស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយការបំពុលបរិស្ថាន កាត់បន្ថយការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ និងជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព»៕

To Top