ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក​ រិះគន់គោល នយោបាយពន្ធគយ របស់សហរដ្ឋអាមេរិក

ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានសម្តែងការជំទាស់ជាថ្មីម្តងទៀត​ ចំពោះគោលនយោបាយពន្ធគយ របស់សហរដ្ឋអាមេរិក ដោយអះអាងថា មានវិធីមានប្រសិទ្ធភាពជាងនេះ​ ក្នុងការពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ និងដោះស្រាយជម្លោះពាណិជ្ជកម្ម រវាងប្រទេសនានា។

លោកស្រី Sheinbaum បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ របស់លោកស្រីនៅវិមានជាតិម៉ិកស៊ិកថា “យើងមិនទាន់យល់ស្របនឹងពន្ធគយនោះទេ​ ហើយប្រទេសដទៃទៀតក៏មិនយល់ស្របដូចគនាដែរ ពីព្រោះយើងជឿថា​ មានយន្តការផ្សេងទៀត​ ដើម្បីពង្រឹងតំបន់សេដ្ឋកិច្ចមួយទាក់ទង ទៅនឹងតំបន់សេដ្ឋកិច្ចមួយទៀត”។

ការកត់សម្គាល់របស់លោកស្រី​ បានកើតឡើងចំពេលមានការជជែកវែកញែក កាន់តែខ្លាំងឡើងនៅក្នុងសហរដ្ឋអាមេរិក លើគោលនយោបាយពាណិជ្ជកម្ម របស់ប្រធានាធិបតីអាមេរិកលោក​ ដូណាល់​ ត្រាំ​ បន្ទាប់ពីសម្ព័ន្ធភាពនៃរដ្ឋចំនួន ២៥​ របស់សហរដ្ឋអាមេរិក​ បានដាក់ពាក្យបណ្តឹង ប្រឆាំងនឹងពន្ធគយថ្មី​ ដែលដាក់លើការនាំចូលពីដៃគូពាណិជ្ជកម្ម ភាគច្រើនរបស់សហរដ្ឋអាមេរិក។

បណ្តឹងនេះ ដែលបានដាក់ទៅតុលាការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិក មានគោលបំណងលុបចោលពន្ធគយចំនួន ១០​ ភាគរយ ឬ ១២.៥ភាគរយ ដោយហេតុផលថា ពន្ធគយទាំងនោះលើសពីសិទ្ធិអំណាច ផ្នែកច្បាប់របស់ស្ថាប័ននីតិប្រតិបត្តិសហរដ្ឋអាមេរិក។

យោងតាមលោកស្រី Sheinbaum ខណៈដែលគោលនយោបាយពាណិជ្ជកម្ម​ គឺជាការសម្រេចចិត្តរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិក មានវិធីល្អជាងនេះ​ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់៕

To Top