Feature

៦ខែ នគរបាលជាតិ ទទួលពាក្យសុំចុះបញ្ជី​ រៀបអាពាហ៍ពិពាហ៍ពលរដ្ឋខ្មែរ និងបរទេសជាង ១ពាន់នាក់

ភ្នំពេញ ៖ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦នេះ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ការ និងទប់ស្កាត់សកម្មភាពជួញដូរមនុស្ស ក្រោមរូបភាពរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស។

ជាលទ្ធផល នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស បានសម្ភាសជនបរទេសសរុប ១.១៥៤នាក់ ស្រី៥២នាក់ មាន៣៦សញ្ជាតិ ដែលបានដាក់ពាក្យសុំចុះបញ្ជី រៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរ ។ ក្នុងរយៈពេលនេះដូចគ្នា នាយកដ្ឋាន បានវាយតម្លៃបញ្ជូនទៅក្រុមការងារ ចម្រុះច្រកចេញ-ចូលតែមួយចំនួន ១.១៦៩នាក់ ស្រី៤៣នាក់។ នេះបើយោងតាមរបាយការណ៍ នាយកដ្ឋានប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន។

យោងតាមអនុក្រឹត្យស្តីពី «ការកំណត់បែបបទ និងនីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស» ជនបរទេស ពដែលចង់រៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរ ត្រូវមានវត្តមានផ្ទាល់នៅកម្ពុជា ដោយភ្ជាប់មកជាមួយ នូវលិខិតឆ្លងដែនមានទិដ្ឋាការសុពលភាព លិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ពោះម៉ាយ លិខិតថ្កោលទោស លិខិតបញ្ជាក់មុខរបរ (ចេញដោយប្រទេសសាមី) និងលិខិតបញ្ជាក់សុខភាព។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងក្រសួងមហាផ្ទៃកម្ពុជា នឹងធ្វើការពិនិត្យ និងវាយតម្លៃសំណុំឯកសារ ក្នុងរយៈពេលយ៉ាងយូរ៥ នៃថ្ងៃធ្វើការ។

បន្ទាប់ពីឆ្លងកាត់ការពិនិត្យ ភាគីទាំងពីរត្រូវដាក់ពាក្យសុំនៅសាលាឃុំ-សង្កាត់ នៃលំនៅដ្ឋានអចិន្ត្រៃយ៍ខាងភាគីខ្មែរ ដោយភ្ជាប់មកជាមួយ សំបុត្រកំណើត លិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ពោះម៉ាយ និងលិខិតបញ្ជាក់សុខភាព។ មន្ត្រីអត្រានុកូលដ្ឋានឃុំ-សង្កាត់នឹងពិនិត្យ និងសម្រេចក្នុងរយៈពេល៣ នៃថ្ងៃធ្វើការ រួចរៀបចំប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ ដើម្បីបិទផ្សាយជាសាធារណៈរយៈពេល ១០ថ្ងៃ នៅស្ថានទូតឬស្ថានតំណាងនៃប្រទេសសាមីខ្លួនជនបរទេស និងនៅសាលាឃុំ-សង្កាត់៕

To Top