ប្រព័ន្ធអប់រំ នៅតំបន់ហ្គាហ្សា និងវេសប៊ែង បន្ដស្ថិតក្រោមសម្ពាធ ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល
អង្គការសហប្រជាជាតិ ៖ ដោយព្រមានថា តំបន់ហ្គាហ្សា នៅតែមិនមានសុវត្ថិភាព សម្រាប់ជនស៊ីវិល អ្នកមនុស្សធម៌ របស់អង្គការសហប្រជាជាតិ បានឧ្យដឹងថា ដៃគូរបស់ពួកគេរាយការណ៍ ពីការវាយប្រហារ របស់អ៊ីស្រាអែល លើសាលារៀន សម្រាប់ប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា និងតំបន់វេស្តប៊ែង។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ (OCHA) បានឧ្យដឹងថា ដៃគូរបស់ខ្លួនបានរាយការណ៍ថា សិស្សថ្នាក់ទី៦ ម្នាក់ ត្រូវបានគ្រាប់កាំភ្លើងវាយប្រហារ និងរងរបួស ខណៈពេលដែលកំពុង នៅក្នុងថ្នាក់រៀនក្រោមតង់មួយកន្លែង ក្នុងទីក្រុងហ្គាហ្សាកាលពីថ្ងៃអង្គារ។ កុមារត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ។
នៅថ្ងៃចន្ទ នៅ Beit Lahia កងកម្លាំង អ៊ីស្រាអែល ត្រូវបានគេរាយការណ៍ថា បានកម្ទេចផ្ទះសម្បែង ក៏ដូចជាសាលារៀន ចុងក្រោយដែល នៅសេសសល់នៅក្នុងអ្វី ដែលពីមុនជាបរិវេណសាលាចំនួន៤ កន្លែង នេះបើយោងតាម OCHA។
ការិយាល័យនេះបានឧ្យដឹងទៀតថា កងកម្លាំងអ៊ីស្រាអែលបានរុលទៅមុខទៅកាន់តំបន់នោះកាលពីសប្តាហ៍មុន ដោយបំផ្លាញតង់របស់គ្រួសារជិត ដប់គ្រួសារដែលជ្រកកោននៅក្នុងទីធ្លាសាលារៀន និងបានកំណត់សញ្ញាសម្គាល់ លើការពង្រីកបន្ថែមទៀតនៃតំបន់ដែលអាជ្ញាធរអ៊ីស្រាអែល បានដាក់កម្រិតការចូលប្រើប្រាស់។ ដៃគូមនុស្សធម៌បានកៀរគរការគាំទ្រយ៉ាងឆាប់រហ័ស សម្រាប់ប្រជាជនដែលផ្លាស់ទីលំនៅ។
នៅតំបន់ West Bank ការិយាល័យ OCHA បានឧ្យដឹងថា អាជ្ញាធរអ៊ីស្រាអែល កាលពីថ្ងៃអង្គារបានកម្ទេចផ្នែកខ្លះ នៃសាលារៀនមួយនៅក្នុងតំបន់ Masafer Yatta ភាគខាងត្បូងទីក្រុង Hebron ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីនជាង ១០០០នាក់កំពុងស្ថិតនៅក្រោមសម្ពាធឱ្យចាកចេញ។ នៅទូទាំងតំបន់ West Bank សាលារៀនប៉ាឡេស្ទីនជាង ៨០ កំពុងស្ថិតនៅក្រោមការកម្ទេចចោល ឬបញ្ជាពាក់ព័ន្ធ៕









