Feature

៧ខែ កម្ពុជានាំចេញអង្ករជាង ៧០ម៉ឺនតោន គិតជាទឹកប្រាក់បានជាង ៤១៥លានដុល្លារ

ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ៧០៧ ៤៧១ តោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានទឹកប្រាក់ជាង ៤១៥លានដុល្លារ។

យោងតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ៧០៧ ៤៧១ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៦។

ក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ៣៣ បានបរិមាណអង្ករចំនួន ២០៧ ១៥៧ តោន គិតជាទឹកប្រាក់ចំនួន ១៥៦.៤៥ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១៧៤ ៩៣០ តោន គិតជាទឹកប្រាក់ចំនួន ១០៣.៣១ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ២៦៦ ៣០០ តោន គិតជាទឹកប្រាក់ចំនួន ១០២.៨៤ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៥ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ៥៩ ០៨៤ តោន គិតជាទឹកប្រាក់ចំនួន ៥២.៥២ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៥៩.២៣% ប្រភេទអង្ករសគ្រាប់វែង ២៣.៦៦% អង្ករចំហុយ ១.៩៣% អង្ករសរីរាង្គចំនួន ១.២៨% អង្ករបាក់គ្រប់ប្រភេទ ១៣.៧០% និងអង្ករផ្សេងៗចំនួន ០.២% ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ០០៦ ១២២ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ៦៦៥.៧០ លានដុល្លារសហរដ្ឋអាមេរិក ៕

To Top