Feature

លោក ប៉ែន បូណា ៖ កម្ពុជាផ្តល់តម្លៃខ្ពស់ ដល់អាណត្តិការងារ របស់ AOT

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា កម្ពុជាផ្តល់តម្លៃខ្ពស់ ដល់អាណត្តិការងារ និងតួនាទី របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការចុះសង្កេតការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់រវាងប្រទេសទាំងពីរ ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៥ ខែសីហា អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា តាមរយៈក្រុមអ្នកសង្កេតការណ៍អាស៊ាន និងការចុះទៅដល់ព្រំដែន ពីសំណាក់អង្គទូត តំណាងអង្គការអន្តរជាតិ អ្នកសារព័ត៌មានបរទេស ក៏ដូចជាជនបរទេស ដែលមានឥទ្ធិពល លើបណ្តាញសង្គមពិភពលោក បានមើលឃើញយ៉ាងច្បាស់ ពីអំពើឈ្លានពានរបស់កងកម្លាំងថៃ មកលើបូរណភាពទឹកដីកម្ពុជា ដែលបណ្តាល ឱ្យមានជនភៀសសឹកប្រមាណជា ២ម៉ឺននាក់ទៀត មិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន ។

លោកថា នេះជាការរំលោភសិទ្ធិពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរ និងរំលោភច្បាប់អន្តរជាតិ ដែលសហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង។

អ្នកនាំពាក្យបញ្ជាក់ថា “កម្ពុជាផ្តល់តម្លៃខ្ពស់ ដល់អាណត្តិការងារ និងតួនាទី របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលជាយន្តការផ្ទៀងផ្ទាត់ ការអនុវត្តបទឈប់បាញ់ និងការគោរពរាល់ចំណុចទាំងអស់ ដែលបានព្រមព្រៀងគ្នាស្របតាមសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥” ។

លោកថ្លែងទៀតថា ទន្ទឹមនឹងការសម្របសម្រួលអ្នកសង្កេតការណ៍អាស៊ាន និងដំណើរទស្សនកិច្ចផ្សេងទៀតទៅកាន់តំបន់ព្រំដែន រាជរដ្ឋាភិបាល បាននិងកំពុងបន្តធ្វើការងារការទូតយ៉ាងសកម្ម ទាំងក្នុងកម្រិតតំបន់ និងលើឆាកអន្តរជាតិ៕

To Top