ក្រសួងអប់រំ ណែនាំពីតួនាទី និងភារកិច្ច របស់ជំនួយការអប្បមាទទូទាំងប្រទេស ក្នុងការប្រឡងបាក់ឌុប
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និង កីឡា បានណែនាំពីតួនាទី និងភារកិច្ចរបស់ជំនួយការ អប្បមាទទូទាំងប្រទេស ក្នុងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងត្រូវរៀបចំឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦។
យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ ថ្មីៗនេះ ថា កម្ពុជា អនុម័តច្បាប់ និងលិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងការប្រឡង រួមទាំង ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។ ច្បាប់ និងលិខិតបទដ្ឋានទាំងនេះរួមមាន ក្រមព្រហ្មទណ្ឌ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ច្បាប់ស្តីពីការអប់រំ។
ក្រសួង បន្ដថា ដើម្បីអនុវត្តច្បាប់ និងលិខិតបទដ្ឋានទាំងនេះឱ្យមានប្រសិទ្ធភាព រាជរដ្ឋាភិបាលបានដាក់ចេញនូវសារាចរណែនាំ មួយចំនួន សំដៅធ្វើឱ្យការប្រឡងនេះ ដំណើរការប្រកបដោយសុវត្ថិភាព និងមានសណ្តាប់ធ្នាប់។ ម៉្យាងវិញ ទៀត ក្រសួងអប់រំ យុវជន និងកីឡា បានចេញបទប្បញ្ញត្តិ និងសេចក្តីណែនាំផ្សេងៗ ពាក់ព័ន្ធនឹងការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយលិខិតបទដ្ឋានទាំងនោះ បានកំណត់កម្រិតវិន័យមួយ ចំនួនសម្រាប់ ការបំពេញភារកិច្ចតាមមណ្ឌលប្រឡង មណ្ឌលកំណែ មណ្ឌលស្រង់ បូកពិន្ទុដោយកុំព្យូទ័រ ផ្ទៀងផ្ទាត់ពិន្ទុ និង សម្រាប់ដំណើរការប្រកាសលទ្ធផល។
ក្រសួង បន្ថែមថា អនុលោមទៅតាមស្មារតីខាងលើនេះ និងដើម្បីឱ្យការងាររបស់ជំនួយការអប្បមាទទូទាំងប្រទេស ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់តួនាទី និងភារកិច្ច និងកម្រិតវិន័យ របស់ជំនួយការអប្បមាទទូទាំងប្រទេស ក្នុងដំណើរការសំណេរ។
សូមបញ្ជាក់ថា ជំនួយការអប្បមា ទទូទាំងប្រទេសមានតួនាទី ជាសេនាធិការឱ្យប្រធានគណៈកម្មការអប្បមាទទូទាំង ប្រទេសប្រចាំមណ្ឌលប្រឡង លើការត្រួតពិនិត្យ និងសង្កេតដំណើរការប្រឡងប្រចាំមណ្ឌល ។ ជំនួយការអប្បមាទទូទាំងប្រទេស ត្រូវជ្រើសរើសចេញពីគរុសិស្ស និងគរុនិស្សិតដែលមានភាព ហ្មត់ចត់ ស្មោះត្រង់ សុចរិតភាព ស្នាដៃល្អ វាងវៃ និងមានស្មារតីទទួលខុសត្រូវខ្ពស់៕









