ព័ត៌មានអន្តរជាតិ

កងទ័ពអ៊ីស្រាអែល​ បេីកការវាយឆ្មក់ចូលផ្ទះរដ្ឋមន្ត្រី ប៉ាឡេស្ទីនម្នាក់​ នៅតំបន់ West Bank

រ៉ាម៉ាឡា៖​ កងកម្លាំងអ៊ីស្រាអែល​ បានបេីកការវាយឆ្មក់ចូលផ្ទះរបស់រដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mu’ayyad Sha’ban ប្រធានគណៈកម្មការប្រឆាំងនឹងជញ្ជាំង និងការតាំងទីលំនៅនៅក្នុងអង្គការរំដោះប៉ាឡេស្ទីន (PLO) នៅ Tulkarm ខណៈដែលក្រុមអ្នកតាំងទីលំនៅអ៊ីស្រាអែល​ បានដុតរថយន្តចំនួនបីគ្រឿងនៅក្នុងភូមិក្បែរ Nablus នៅភាគខាងជើង តំបន់​ West Bank នេះបើយោងតាមប្រភពរបស់ប៉ាឡេស្ទីន។

លោក​ Sha’ban បានប្រាប់អ្នកយកព័ត៌មានថា កងកម្លាំងអ៊ីស្រាអែល​ បានវាយឆ្មក់ចូលផ្ទះរបស់លោក​ នៅជាយក្រុង Danaba ភាគខាងកើតនៃតំបន់​ Tulkarm ដោយចាប់សួរចម្លើយលោក​ និងគំរាមកំហែងលោក​ អំពីជំហរប្រឆាំងនឹងការតាំងទីលំនៅរបស់លោក។

លោកបានលេីកឡេីងថា កងកម្លាំងអ៊ីស្រាអែល​ បានធ្វើការឆែកឆេរផ្ទះយ៉ាងហ្មត់ចត់ ដោយរុះរើទ្រព្យសម្បត្តិ និងបង្កការខូចខាត មុនពេលឃុំខ្លួនលោក និងសមាជិកគ្រួសាររបស់លោក​ នៅក្នុងបន្ទប់ដាច់ដោយឡែកពីគ្នា។

គណៈកម្មការបានថ្កោលទោសការវាយឆ្មក់នេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយហៅវាថាជា “ការវាយប្រហារ ដែលកំណត់គោលដៅលើមេដឹកនាំជាតិ និងស្ថាប័នផ្លូវការរបស់ប៉ាឡេស្ទីន” ហើយពិពណ៌នាវាថាជា “គំរូច្បាស់លាស់ នៃការបំភិតបំភ័យ និងសម្ពាធ” លើតួនាទីរបស់លោក Sha’ban ក្នុងការប្រឈមមុខនឹងគោល នយោបាយរឹបអូសដីធ្លី និងការផ្លាស់ទីលំនៅរបស់អ៊ីស្រាអែល។

មិនមានការអត្ថាធិប្បាយភ្លាមៗ ពីភាគីអ៊ីស្រាអែលនោះទេ ។​ ដោយឡែកពីគ្នា ប្រភពប៉ាឡេស្ទីន​ បានរាយការណ៍ថា អ្នកតាំងលំនៅបានដុតយានយន្តចំនួនបីគ្រឿង និងវាយប្រហារផ្ទះ របស់ប្រជាជនប៉ាឡេស្ទីនផងដែរ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top