Feature

ក្រសួងឧស្សាហកម្ម និងវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ ពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធគ្រប់គ្រង សំណល់ឧស្សាហកម្ម តាមឌីជីថលសម្រាប់កម្ពុជា

ភ្នំពេញ ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្មីៗនេះ បានទទួលជួបគណៈប្រតិភូសាធារណៈរដ្ឋកូរ៉េ ដឹកនាំដោយ លោកបណ្ឌិត Jae-Cheon You ទីប្រឹក្សាជាន់ខ្ពស់ នៃគម្រោង KSP ដើម្បីពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងសំណល់ ឧស្សាហកម្មតាមឌីជីថលសម្រាប់កម្ពុជា និងពិភាក្សាអំពីជំហានបន្ទាប់សម្រាប់គម្រោង។

ក្នុងជំនួបនេះ គណៈប្រតិភូកូរ៉េ បានជម្រាបជូនអំពីលទ្ធផលនៃការអនុវត្តគម្រោង រួមមានការវាយតម្លៃប្រព័ន្ធគ្រប់គ្រងសំណល់ ឧស្សាហកម្មបច្ចុប្បន្នរបស់កម្ពុជា បញ្ហាប្រឈមសំខាន់ៗក្នុងការធ្វើឌីជីថលូបនីយកម្ម និងអនុសាសន៍សម្រាប់ការរៀបចំប្រព័ន្ធឌីជីថលនេះ ដើម្បីពង្រឹងការគ្រប់គ្រងសំណល់ឧស្សាហកម្មរបស់កម្ពុជា។

លោក ហែម វណ្ណឌី បានស្វាគមន៍កិច្ចសហការរវាងក្រសួង និងវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) ដែលជាស្ថាប័នអនុវត្តគម្រោង ដោយបានលើកឡើងថា ការធ្វើបរិវត្តកម្មឌីជីថល ការពង្រឹងអភិបាលកិច្ចទិន្នន័យ និងការចាប់យកដំណោះស្រាយឌីជីថល គឺជាកត្តាចាំបាច់សម្រាប់ការលើកកម្ពស់ផលិតភាពឧស្សាហកម្ម អភិបាលកិច្ចបរិស្ថាន និងភាពប្រកួតប្រជែងរបស់វិស័យឧស្សាហកម្ម។

លោក បានបន្ថែមថា ការអនុវត្តប្រព័ន្ធគ្រប់គ្រងសំណល់ឧស្សាហកម្មតាមឌីជីថលប្រកបដោយជោគជ័យ នឹងពឹងផ្អែកលើការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅទូទាំងខ្សែច្រវាក់តម្លៃនៃការគ្រប់គ្រងសំណល់ឧស្សាហកម្ម ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរឹងមាំរវាងក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងបរិស្ថាន និងអ្នកផ្តល់សេវាពាក់ព័ន្ធផ្សេងទៀត៕

To Top