ប្រធានាធិបតីប្រេស៊ីល រិះគន់ការលុបចោលទិដ្ឋាការ របស់ឯកអគ្គរដ្ឋទូតរបស់ខ្លួន ដោយសហរដ្ឋអាមេរិកថា ជាការមិនទទួលខុសត្រូវ
រីយ៉ូ៖ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានរិះគន់ការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការលុបចោលទិដ្ឋាការ របស់ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំទីក្រុងវ៉ាស៊ីនតោន លោកស្រី Maria Luiza Ribeiro Viotti ដោយហៅសកម្មភាពនេះថា “ការមិនទទួលខុសត្រូវ និងគ្មានការគិតគូរ”។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ YouTube Meteoro Brasil លោក Lula បានឧ្យដឹងថា ការសម្រេចចិត្តនេះមិនសមហេតុផលសម្រាប់ប្រទេសទាំងពីរ ដែលមានចំណងការទូតជាងពីរសតវត្ស មកហើយ ដោយបន្ថែមថា ប្រេស៊ីលនឹងមិនទទួលឯកអគ្គរដ្ឋទូតថ្មី មុនការបោះឆ្នោតទូទៅរបស់ខ្លួន ដែលគ្រោងធ្វើនៅខែតុលា នោះទេ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសលុបចោលទិដ្ឋាការនៅថ្ងៃអង្គារ ដើម្បីសងសឹក ចំពោះការបដិសេធរបស់ប្រទេសប្រេស៊ីល កាលពីខែមុនក្នុងការចេញទិដ្ឋាការដល់មន្ត្រីអាមេរិកពីររូប ក៏ដូចជាការពន្យារពេលក្នុងការអនុម័តលោក Daniel Perez ដែលជាបេក្ខជនរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រាប់តំណែងឯកអគ្គរដ្ឋទូតប្រចាំប្រទេសប្រេស៊ីល។
ជាការឆ្លើយតប លោក Lula បានកត់ សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោន បានបង្ហាញភាពបន្ទាន់តិចតួចទាក់ទង នឹងវត្តមានការទូតរបស់ខ្លួននៅ ក្នុងប្រទេសប្រេស៊ីល ដោយបានចាកចេញពីស្ថានទូតរបស់ខ្លួនដោយគ្មានតំណាងសំខាន់អស់រយៈពេលជាងមួយឆ្នាំកន្លះ។
លោកបានលេីកឡេីងថា “ពួកគេរំពឹងថាយើងនឹងធ្វើសកម្មភាពតាមពេលវេលាកំណត់របស់ពួកគេ? នោះមិនយុត្តិធម៌ ឬអាចទទួលយកបានទេ។ យើងទាមទារឱ្យមានការប្រព្រឹត្តដោយការគោរព”។
រដ្ឋាភិបាលប្រេស៊ីល កាលពីថ្ងៃអង្គារ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការសម្រេចចិត្ត របស់ក្រសួងការបរទេស សហរដ្ឋអាមេរិកក្នុង ការផ្លាស់ប្តូរស្ថានភាពទិដ្ឋាការរបស់ឯកអគ្គរដ្ឋទូត ប្រេស៊ីលប្រចាំទីក្រុងវ៉ាស៊ីនតោន ដោយហៅហេតុផល ដែលបានលើកឡើងដោយសហរដ្ឋអាមេរិកថា “ជាការមិនពិត” ៕









