សង្គ្រាមបានបញ្ចប់ ស្នាមរបួសអតីតកាល ត្រូវបានព្យាបាល ដោយសន្តិភាព ហើយអតីតអ្នកប្រឈមមុខក្នុងសមរភូមិ បានក្លាយជាបងប្អូនរួមជាតិ
ក្នុងឱកាសចុះបំពេញភារកិច្ច និងសួរសុខទុក្ខកងទ័ពប្រចាំការ តាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ បានជួបដោយចៃដន្យជាមួយ លោក ញ៉ុក ណៃ អតីតកងទ័ពខ្មែរក្រហម រណសិរ្ស២៥០ (ឈ្មោះឡេង ហៅ អាចិន) ដែលធ្លាប់ប្រឈមមុខគ្នាក្នុងសមរភូមិចំការស្ទឹង កាលពីឆ្នាំ១៩៩១ ។

សមរភូមិចំការស្ទឹង គឺជាសមរភូមិដ៏ស្វិតស្វាញមួយ ក្នុងអំឡុងសង្គ្រាមស៊ីវិល។ កាលណោះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ជានាយទាហានវ័យក្មេង នៃកងដឹកជញ្ជូន ដែលបានចូលរួមបំពេញភារកិច្ចក្នុងស្ថានភាពប្រឈមគ្រោះថ្នាក់ និងមានកម្លាំងតិចជាងគូប្រជែង។ ទោះស្ថិតក្នុងស្ថានភាពដ៏លំបាក ក៏កម្លាំងរបស់លោកបានបំពេញភារកិច្ចប្រកប ដោយភាពអង់អាចក្លាហាន និងភាពមោះមុត ដែលបានក្លាយជាអនុស្សាវរីយ៍មួយ មិនអាចបំភ្លេចបានសម្រាប់អ្នក ដែលធ្លាប់ស្ថិតក្នុងសមរភូមិនោះ ។

ជាង ៣០ឆ្នាំ បានកន្លងផុតទៅ។ ទីតាំងដែលធ្លាប់លាន់ឮស្នូរកាំភ្លើង និងពោរពេញដោយផ្សែងសង្គ្រាម បានប្រែក្លាយជាតំបន់ប្រកបដោយសន្តិភាព និងស្ថិរភាព។ អ្នកទាំងពីរ ដែលធ្លាប់ឈរនៅភាគីផ្ទុយគ្នា បានជួបគ្នាវិញដោយចៃដន្យ នៅស្រុកព្រះនេត្រព្រះ ដោយស្នាមញញឹម ការគោរពគ្នាទៅវិញ ទៅមក។ ជំនួបនេះបានបង្ហាញយ៉ាងច្បាស់ថា ពេលវេលា និងសន្តិភាពអាចព្យាបាលស្នាមរបួសដែលសង្គ្រាមបានបន្សល់ទុក ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានមានប្រសាសន៍ថា ៖ «អតីតកាលក្នុងសមរភូមិ គឺជាមេរៀនប្រវត្តិសាស្ត្រ ដ៏ជូរចត់ដែលគ្មាននរណាចង់ ឱ្យកើតឡើងម្ដងទៀត។ ថ្ងៃនេះ សន្តិភាពបានធ្វើឱ្យខ្មែរគ្រប់រូប មិនថាធ្លាប់ស្ថិតនៅភាគីណានោះទេ អាចរស់នៅជាបងប្អូនរួមជាតិ ក្រោមទង់ជាតិតែមួយ រួមគ្នាអភិវឌ្ឍ និងការពារមាតុភូមិដោយគ្មានការរើសអើង និងគ្មានការគុំកួន»។

ជំនួបដ៏មានអត្ថន័យនេះ មិនត្រឹមតែជាការរំលឹកពីអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែជាសាក្សីរស់ដែលបញ្ជាក់ពីតម្លៃដ៏ឧត្តុង្គឧត្តមនៃ «សន្តិភាព»។ ពីអតីតអ្នកប្រឈមមុខក្នុងសមរភូមិ មកជាបងប្អូនរួមជាតិដែលអាចចាប់ដៃគ្នា និយាយគ្នា និងរស់នៅក្រោមដំបូលសន្តិភាពតែមួយ។ នេះគឺជាមេរៀនដ៏មានតម្លៃសម្រាប់យុទ្ធជនជំនាន់ក្រោយ និងប្រជាពលរដ្ឋគ្រប់រូប ឱ្យរួមគ្នាថែរក្សាសន្តិភាព ដែលជាមូលដ្ឋាននៃការអភិវឌ្ឍ ស្ថិរភាព និងអនាគតដ៏រុងរឿងរបស់ព្រះរាជាណាចក្រកម្ពុជា៕









