ព័ត៌មានអន្តរជាតិ

《Healthy China》 ជា​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ​ដែលផ្តោត​លើ​សុខភាព ​របស់​ប្រជាជន ​១៤០០ ​លាន​នាក់​​

«សុខភាពគឺលេខ១ អ្វីៗផ្សេងទៀត គឺលេខ០ ដែលនៅពីក្រោយ បើគ្មានលេខ១ ទេ នោះអ្វីៗវាស្មើនឹងសូន្យ» នេះជាប្រសាសន៍របស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនថ្លែងក្នុងអំឡុង ពេលអញ្ជើញចុះត្រួតពិនិត្យការងារនៅខេត្ត Fujian កាលពីខែមីនា ឆ្នាំ២០២១ ដែលបានរំលេចពីតួនាទីគន្លឹះ នៃសុខភាពនិងជាការចង្អុលបង្ហាញទិសដៅណែនាំសម្រាប់ការកសាង«ប្រទេសចិនដែលមានសុខភាពល្អ»(Healthy China) ។

នៅក្នុងផែនការអភិវឌ្ឍន៍ជាតិ របស់ប្រទេសចិន ការអភិវឌ្ឍវិស័យសុខាភិបាល ស្ថិតក្នុងឋានៈជាមូលដ្ឋានគ្រឹះ ដែលបានផ្សារភ្ជាប់ជាមួយ នឹងយុទ្ធសាស្ត្រជាតិទាំងមូល ហើយដើរតួនាទីជាអ្នកទ្រទ្រង់។ ក្នុងន័យនេះ យើងអាចយល់ដឹងបានថា រដ្ឋាភិបាលចិនបានចាត់ទុកការ អភិវឌ្ឍវិស័យសុខាភិបាលនិងសុខភាពប្រជាជនជាអាទិភាពបំផុតមួយក្នុងចំណោមវិស័យអាទិភាពរបស់ជាតិ ។

ដើម្បីជំរុញលើកទឹកចិត្តឱ្យប្រជាជន គ្រប់រូបចូលរួមយុទ្ធសាស្ត្រអភិវឌ្ឍន៍ស្តីពី«សុខភាពជាអាទិភាព» និងដើម្បីរំលឹកដល់ការរៀបចំ ដោយជោគជ័យនូវការប្រកួតកីឡាអូឡាំពិកប៉េកាំងឆ្នាំ២០០៨ រដ្ឋាភិបាលចិនបានសម្រេចចិត្តបង្កើត«ទិវាជាតិសម្រាប់ការហាត់ប្រាណ»នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០០៩ ហើយបានប្រារព្ធ ធ្វើជារៀងរាល់ឆ្នាំ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រើប្រាស់ ក្នុងការហាត់ប្រាណបានលេចចេញជារូបរាងជាបន្តបន្ទាប់នៅតាមសហគមន៍រស់នៅនិងតាមទីកន្លែងសាធារណៈឬតាមសួននានា ដែលបង្កើតបានជា «រង្វង់ហាត់ប្រាណ១០ នាទី»ដែលមានន័យថា ដើរតែ១០ នាទីក៏អាចទៅដល់កន្លែងហាត់ប្រាណដែលនៅជុំវិញផ្ទះ។
ក្រៅពីការជំរុញលើកទឹកចិត្ត ឱ្យប្រជាជនគ្រប់រូបហាត់ប្រាណ រដ្ឋាភិបាលចិនក៏បានផ្តោត
សំខាន់លើការកែលម្អហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ជាបន្តបន្ទាប់ ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងវិស័យសុខាភិបាល ដែលជាការច្នៃប្រឌិតថ្មី និងជារបកគំហើញថ្មីដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការថែទាំសុខភាពនិងព្យាបាលជំងឺ ។ សេវាកម្មសុខាភិបាល ដែលគ្របដណ្តប់ទូទាំងប្រទេស បានធ្វើឱ្យប្រជាជនចំនួន៩៥% ទទួលបានសេវាកម្មរបបសន្តិសុខសង្គម ដែលផ្តល់ភាពងាយស្រួល និងជួយសម្រាល បន្ទុកអ្នកជំងឺ ។ ម៉្យាងទៀត ស្របនឹងកម្រិតជីវភាពរបស់ប្រជាជនត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ប្រជាជនភាគច្រើន បានប្តូរទម្លាប់ពី«ពេលមានជំងឺធ្ងន់ចាំទៅពេទ្យ»មកជាការពិនិត្យសុខភាពនិងថែទាំសុខភាពជាប្រចាំដើម្បីកាត់បន្ថយការឈឺថ្កាត់។
ប្រជាជនមានសុខភាពល្អ សន្ទស្សន៍សុខភាព ក៏បានកើនឡើងជាលំដាប់។ ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២៥ អាយុរំពឹងរស់ជាមធ្យម របស់ប្រជាជនចិនបានកើនឡើង៣.៨៥ ឆ្នាំ ពោល គឺឡើងដល់៧៩.២៥ ឆ្នាំ ដែលនាំមុខគេក្នុងចំណោមប្រទេសចំណូលមធ្យម កម្រិតខ្ពស់និងប្រទេសដែលមានចំនួនប្រជាជនលើសពី១០០ លាននាក់ ហើយបើតាមគោល​ដៅដែលលើកឡើងក្នុង«ផែនការ៥ ឆ្នាំទី១៥(២០២៦-២០៣០)» អាយុរំពឹង រស់ជាមធ្យមរបស់ប្រជាជនចិននឹងឡើងដល់៨០ ឆ្នាំនៅឆ្នាំ២០៣០ ហើយនៅឆ្នាំ២០៣៥ នឹងសម្រេចការកសាង «ប្រទេសចិនដែលមានសុខភាពល្អ»ក្នុងគោលបំណងលើកកម្ពស់ដោយគ្រប់ជ្រុងជ្រោយនូវកម្រិត សុខភាពរបស់ប្រជាជន ដើម្បីក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការសម្រេចបាននូវការធ្វើទំនើបកម្មតាមបែបផែនចិន។

គួររំលឹកថា ក្នុងដំណើរការនៃការកសាង «ប្រទេសចិនដែលមានសុខភាពល្អ» គឺមិនត្រឹមតែផ្តោតលើការលើកកម្ពស់ កម្រិតសុខភាពរបស់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកយ៉ាងសំខាន់ដល់ការគាំពារសុខភាពរបស់មនុស្សជាតិទាំងមូលផងដែរ។ ផលិត​ផលសុខភាពសាធារណៈជាច្រើន របស់ប្រទេសចិនដូចជាបរិក្ខារវេជ្ជសាស្ត្រវៃឆ្លាត និងវេជ្ជសាស្ត្របុរាណចិនជាដើម បានជួយលើកកម្ពស់សមត្ថភាពវិនិច្ឆ័យ រោគនិងព្យាបាលជំងឺ
របស់ស្ថាប័នសុខាភិបាលនៃប្រទេស ជាច្រើន ពិសេសប្រទេសសកលខាងត្បូង។

លើសពីនេះទៅទៀត ខណៈពេលដែលពិភពលោករងការយាយីពីជំងឺរាតត្បាតសកល ដូចជាជំងឺកូវីដ-១៩ ជាដើម វ៉ាក់សាំងនិងឱសថចិនបានក្លាយជាផលិតផលសុខភាពសាធារណៈដែលរួមចំណែកសំខាន់សម្រាប់ការបង្ការនិងព្យាបាលជំងឺឆ្លង ដែលបានជួយសង្គ្រោះអាយុជីវិតរបស់មនុស្សរាប់មិនអស់ ស្របតាមគំនិតផ្តួចផ្តើមសហគមន៍សុខភាពរួមសម្រាប់មនុស្សជាតិដែលលើកឡើងដោយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន ។

គោលនយោបាយអភិបាលកិច្ចជាតិរបស់បក្សកុម្មុយនីស្តចិនគឺ«ប្រជាជនជាមជ្ឈិម» ពោលគឺធ្វើអ្វីៗដើម្បីប្រជាជន។ ការដែលជំរុញលើកទឹកចិត្តឱ្យប្រជាជនគ្រប់រូបនាំគ្នាហាត់ប្រាណ និងការផ្តល់សេវាកម្មសុខាភិបាលដែលមានប្រសិទ្ធភាពខ្ពស់ និងប្រជាជនគ្រប់រូបសុទ្ធតែអាចទទួលបាន មិនត្រឹមតែជាការលើកកម្ពស់កម្រិតសុខភាពនិងជីវភាពរស់នៅរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការពង្រឹងមូលដ្ឋានគ្រឹះនៃប្រទេសជាតិឱ្យកាន់តែរឹងមាំផងដែរ។
ការសម្រេចបាននូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ស្តីពីការកសាង«ប្រទេសចិនដែលមានសុខភាពល្អ»ដែលធ្វើឱ្យប្រជាជន១៤០០ លាននាក់មានសុខភាពល្អ ព្រមទាំងចែករំលែកផលិតផលសុខភាពសាធារណៈជាមួយពិភពលោកប្រកបដោយសមានចិត្ត ជាការរួមចំណែកមិនអាចខ្វះបានសម្រាប់ការគាំពារសុខភាពមនុស្សជាតិ ដើម្បីឆ្ពោះទៅរកការកសាងសហគមន៍សុខភាពរួមសម្រាប់មនុស្សជាតិ៕
អត្ថបទដោយ៖ លោក តាំង ស៊ីឡេង, បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top