រោងចក្រចម្រាញ់ប្រេង ដ៏សំខាន់មួយ នៅក្នុងតំបន់ Yaroslavl របស់ប្រទេសរុស្ស៊ី ត្រូវភ្លើងឆេះ ដោយសារការវាយប្រហារ ដ៏ខ្លាំងក្លាដោយយន្តហោះគ្មាន មនុស្សបើករបស់អ៊ុយក្រែន
បរទេស៖ លោក Mikhail Evrayev អភិបាល តំបន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា រោងចក្រចម្រាញ់ប្រេងដ៏ សំខាន់មួយនៅក្នុងតំបន់ Yaroslavl របស់ប្រទេសរុស្ស៊ី កំពុងឆេះបន្ទាប់ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែនដ៏ធំមួយ ហើយសេវាសង្គ្រោះបន្ទាន់ កំពុងធ្វើការដើម្បីពន្លត់អគ្គីភ័យ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែ សីហា ឆ្នាំ២០២៦ថា រូបភាពដែលមិនទាន់បានផ្ទៀង ផ្ទាត់ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញពីផ្សែងខ្មៅក្រាស់ៗហុយឡើងពីលើរោងចក្រ។
លោក Evrayev បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram ថា ធុងស្តុកប្រេងរបស់រោងចក្រ ចម្រាញ់ប្រេងត្រូវបានវាយប្រហារដោយបំណែកយន្តហោះគ្មានមនុស្សបើកដែលធ្លាក់មកលើ ដែលលោកបានពិពណ៌នាថា ជាការវាយប្រហារដ៏ធំ បំផុតរបស់ សត្រូវលើតំបន់ Yaroslavl ដែលមានចម្ងាយប្រហែល ២៥០គីឡូម៉ែត្រពីភាគឦសាន នៃទីក្រុងមូស្គូ ។
លោក Evrayev បាននិយាយថា “ថ្ងៃនេះតំបន់នេះបានទប់ទល់នឹង ការវាយប្រហារដ៏ធំបំផុត ដោយយន្តហោះ គ្មានមនុស្សបើករបស់សត្រូវ។ យន្តហោះគ្មានមនុស្សបើកទាំង ៩៣ គ្រឿងត្រូវបាន បាញ់ទម្លាក់ដោយអង្គភាពការពារដែនអាកាស និងសង្គ្រាមអេឡិចត្រូនិក”។ លោកបាននិយាយថា មនុស្សបួននាក់បានរងរបួសដោយសារគ្រាប់បែក ប៉ុន្តែគ្មាននរណាម្នាក់ត្រូវបានសម្លាប់នោះទេ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅលើ Telegram កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា យោធាអ៊ុយក្រែនបានវាយប្រហាររោងចក្រចម្រាញ់ប្រេងពីររបស់រុស្ស៊ី គឺរោងចក្រចម្រាញ់ប្រេង Bashneft-Novoil នៅសាធារណរដ្ឋ Bashkortostan និងរោងចក្រចម្រាញ់ប្រេង Slavneft-Yanos នៅតំបន់ Yaroslavl។ មិនមានការអត្ថាធិប្បាយភ្លាមៗពីមន្ត្រីរុស្ស៊ីនៅ Bashkortostan ទេ។
ប្រែសម្រួល: ណៃ តុលា









