អគ្គិសនីកម្ពុជា នឹងសាកល្បង ផ្លាស់ប្តូរពីការផ្សព្វផ្សាយ សេចក្តីជូនដំណឹង ជាសាធារណៈ មកជាបញ្ជូនព័ត៌មាន តាមកម្មវិធី EDC App សម្រាប់អតិថិជន រងការប៉ះពាល់ប៉ុណ្ណោះ
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា នឹងសាកល្បងផ្លាស់ប្តូរពីការផ្សព្វផ្សាយ សេចក្តីជូនដំណឹងជាសាធារណៈ ចាប់ពីឆ្នាំ២០២៧ តទៅ មកជាបញ្ជូនព័ត៌មានតាមរយៈកម្មវិធី EDC App ជូនតែអតិថិជន ដែលរងការប៉ះពាល់តែប៉ុណ្ណោះ ដើម្បីឱ្យទទួលបានផ្ទាល់ និងកុំឱ្យរំខានដល់អ្នក ដែលមិនប៉ះពាល់ក្នុងការដាច់ចរន្ត។
តាមរយៈសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជា នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ថា កន្លងមកអគ្គិសនីកម្ពុជា តែងតែចេញសេចក្តីជូន ដំណឹងប្រចាំសប្តាហ៍ នៅលើទំព័របណ្តាញសង្គមផ្លូវការអគ្គិសនីកម្ពុជា «អគ្គិសនីកម្ពុជា – EDC» និងសារព័ត៌មានមួយចំនួន អំពីការផ្អាកការផ្គត់ផ្គង់ ចរន្តអគ្គិសនីបណ្តោះអាសន្ន ដែលជាការចាំបាច់ ដើម្បីត្រួតពិនិត្យធ្វើការថែទាំ ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី តាមកម្មវិធីប្រចាំឆ្នាំ ឬការដំឡើងសម្ភារបង្កើនលទ្ធភាព និងគុណភាព នៃការផ្គត់ផ្គង់ជាដើម ដែលជាទូទៅប៉ះពាល់តិចតួច ដល់អតិថិជនតែក្នុងតំបន់ ដែលត្រូវធ្វើការងារ ខាងលើប៉ុណ្ណោះ ។
ទោះបីជាមានការជូនដំណឹងទូលំទូលាយ បែបនេះក៏ដោយ ក៏បងប្អូនរងផលប៉ះពាល់ខ្លះមិនបានទទួល ហើយជួនកាលក៏រំខានដល់អ្នក ដែលមិនប៉ះពាល់ ដូច្នេះស្របតាមការវិវត្ត យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាទំនើបឌីជីថល អគ្គិសនីកម្ពុជា នឹងសាកល្បងផ្លាស់ប្តូរពីការផ្សព្វផ្សាយសេចក្តីជូនដំណឹង ជាសាធារណៈ ចាប់ពីឆ្នាំ២០២៧ ខាងមុខនេះតទៅ មកជាបញ្ជូនព័ត៌មានតាមរយៈកម្មវិធី EDC App ជូនតែអតិថិជន ដែលរងការប៉ះពាល់តែប៉ុណ្ណោះ ដើម្បីឱ្យទទួលបានផ្ទាល់ និងកុំឱ្យរំខានដល់អ្នក ដែលមិនប៉ះពាល់ក្នុងការដាច់ចរន្ត។
ដោយឡែក ការដាច់ចរន្តអគ្គិសនីភ្លាមៗជាយថាហេតុ ដែលបង្កឡើងដោយការជីកកកាយប៉ះខ្សែបណ្តាញ ឬការប្រើប្រាស់គ្រឿងចក្រសំណង់ប៉ះខ្សែបណ្តាញ និងកត្តាធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ បណ្តាលឱ្យរលំដើមឈើ ឬបាក់បង្គោលជាដើម អគ្គិសនីកម្ពុជាក៏នឹងព្យាយាមជូនដំណឹងបន្ថែមអំពីមូលហេតុ និងដំណើរការនៃការជួសជុល តាមរយៈកម្មវិធី EDC App ដល់អ្នកប៉ះពាល់ផ្ទាល់តែម្តងក្នុងអំឡុងពេលដែលមានបញ្ហានោះ។
អគ្គិសនីកម្ពុជា បន្ដថា អាស្រ័យហេតុនេះ សូមអតិថិជនទាំងអស់ មេត្តាប្រើប្រាស់កម្មវិធី EDC App ដើម្បីអនុញ្ញាតឱ្យអគ្គិសនីកម្ពុជា អាចបញ្ជូន ព័ត៌មាន (Push Notification) ផ្ទាល់ រួមទាំងការដាច់ចរន្តអគ្គិសនី ឱ្យបានទាន់ពេលវេលាតាមរយៈកម្មវិធី EDC App (និង Telegram/E-mail ករណីអតិថិជនបើកមុខងារបន្ថែម)។
ក្នុងករណីមានបញ្ហាក្នុងការទាញ យកកម្មវិធី EDC App ដោយខ្លួនឯងផ្ទាល់ សូមអញ្ជើញទៅកាន់សាខាអគ្គិសនីកម្ពុជា ដែលនៅជិតលោក អ្នកបំផុត ដោយភ្ជាប់មក ជាមួយនូវវិក្កយបត្រអគ្គិសនី និងអត្តសញ្ញាណប័ណ្ណ (ករណីមកជំនួស ម្ចាស់វិក្កយបត្រ សូមភ្ជាប់ច្បាប់ថតចម្លងសៀវភៅ គ្រួសារបន្ថែម ដើម្បីបញ្ជាក់ថាជាសមាជិកគ្រួសារ) ដើម្បីទទួលបានការ ជួយសម្របសម្រួល និងការទាញយកកម្មវិធី នេះជូន និងជៀសវាងការចាញ់កលល្បិចពីជនខិលខូច។
អគ្គិសនីកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា អតិថិជនទាំងអស់ ចូលរួមសហការ ប្រើប្រាស់កម្មវិធីនេះដើម្បីទទួលបាន នូវសេវាកម្មឌីជីថលទំនើប ងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ៕










