ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីស្ថាបនិក ក្រុមហ៊ុន Midea Group ត្រូវប៉ូលិសសង្គ្រោះ ពីការចាប់ជំរិតដល់ក្នុងផ្ទះ

បរទេស៖ លោក He Xiangjian មហាសេដ្ឋី និងជាស្ថាបនិកនៃក្រុមហ៊ុន Midea Group ដែលជាក្រុមហ៊ុន ផលិតឧបករណ៍ ប្រើប្រាស់ក្នុងផ្ទះធំជាងគេបំផុត នៅលើពិភពលោក ត្រូវបានប៉ូលីសជួយសង្គ្រោះ បន្ទាប់ពីត្រូវបានចាប់ជាចំណាប់ខ្មាំង នៅក្នុងផ្ទះរបស់គាត់ ដោយក្រុមចោរ ដែលត្រូវបានអះអាងថា ប្រដាប់ដោយគ្រឿងផ្ទុះ និងអាវុធ។ នេះបើតាមការផ្សាយ របស់សារព័ត៌មាន Bloomberg។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ការប៉ុនប៉ងចាប់ជំរិតនេះបានបរាជ័យ បន្ទាប់ពីកូនប្រុសរបស់គាត់ បានរត់គេចខ្លួន ហើយបានហែលឆ្លងកាត់ទន្លេក្បែរនោះ ដើម្បីជូនដំណឹងដល់ប៉ូលិស។

ប៉ូលីសនៅក្នុងទីក្រុង Foshan នៅភាគខាងត្បូងខេត្ត Guangdong បាននិយាយថា ពួកគេត្រូវបានគេជូនដំណឹង អំពីការសម្រុក ទៅក្នុងផ្ទះឯកជនមួយ នៅម៉ោង ៥.៣០ នាទីល្ងាច កាលពីថ្ងៃអាទិត្យ ហើយជីវិតរបស់ម្ចាស់ផ្ទះ កំពុងស្ថិតនៅក្រោមការគំរាមកំហែង។

យោងតាមសេចក្តីថ្លែងការណ៍ របស់ប៉ូលិស បានអោយដឹងថា ជនសង្ស័យចំនួន ៥ នាក់ត្រូវបានចាប់ខ្លួននៅវេលាម៉ោង ៥ និង ០០ នាទីព្រឹកថ្ងៃច័ន្ទ ហើយគ្មាននរណាម្នាក់រងរបួសឡើយ។ បើយោងតាមសារព័ត៌មាន Sky News មនុស្សជាច្រើននៅក្នុងតំបន់ បាននិយាយថា ប៉ូលីសបានបិទទ្វារសហគមន៍ទាំងមូល ចាប់តាំងពីរសៀលថ្ងៃអាទិត្យ រហូតដល់ព្រឹកថ្ងៃច័ន្ទ។

និយោជិករបស់ Midea នៅទីក្រុង Foshan ក៏ត្រូវបានគេប្រាប់ មិនឱ្យចូលធ្វើការនៅថ្ងៃច័ន្ទ ខណៈដែលការវាយតម្លៃ ហានិភ័យត្រូវបានអនុវត្ត។

ក្រុមហ៊ុន Midea បានចេញសេចក្តីថ្លែងការណ៍មួយ នៅលើទំព័រ Weibo ដែលជាគេហទំព័រ Twitter របស់ប្រទេសចិន ថ្លែងអំណរគុណដល់ប៉ូលិស ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា ករណីនេះ កំពុងត្រូវបានស៊ើបអង្កេត ដោយប៉ូលិស៕ ប្រែសម្រួលៈ ណៃ តុលា

To Top