Feature

លោកប៉ែន បូណា ៖ លិខិតតវ៉ាជាផ្លូវការរបស់កម្ពុជា គឺជាឯកសារដែលមានតម្លៃគតិយុត្តិ

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកប៉ែន បូណា បានថ្លែងថា លិខិតតវ៉ារបស់កម្ពុជា ចំពោះសកម្មភាពឈ្លានពានរបស់យោធាថៃ មកលើបូរណភាពទឹកដីកម្ពុជា គឺជាឯកសារដែលមានតម្លៃគតិយុត្តិមិនអាចខ្វះបាន ។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោក ប៉ែន បូណា លើកឡើងថា កិច្ចប្រឹងប្រែងលើកិច្ចការងារព្រំដែននេះ ក្រសួងស្ថាប័នពាក់ព័ន្ធដែលជាសេនាធិការរាជរដ្ឋាភិបាល ដូចជា គណៈកម្មការ JBC ភាគីកម្ពុជាតែមួយ បានផ្ញើកំណត់ទូតចំនួន១០លើកហើយទៅកាន់ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេស របស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូន ក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងបន្តពីការងារដែលភាគីទាំងពីរ បានអនុវត្តកាលពីពេលកន្លងទៅ។ ចំណែកឯកំណត់ទូតតវ៉ា របស់គណៈកម្មការ JBC ភាគីកម្ពុជាមានរហូតដល់ ៥៩ លើក បើគិតចាប់តាំងពីការវាយប្រហារ របស់យោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ។ ការតវ៉ានេះគឺធ្វើឡើង ចំពោះសកម្មភាពខុសច្បាប់នានា របស់កងកម្លាំងថៃ នៅលើទីតាំងដែលខ្លួនកាន់កាប់ដោយខុសច្បាប់ក្នុងទឹកដីកម្ពុជា ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថា “ការតវ៉ាជាផ្លូវការនេះ មានសារៈសំខាន់ចាំបាច់ ដើម្បីបញ្ជាក់ជំហរមិនយល់ព្រមជាដាច់ខាត របស់កម្ពុជាចំពោះការរំលោភបំពាន របស់ភាគីថៃមកលើដែនអធិបតេយ្យភាពរបស់ខ្លួន។ លិខិតតវ៉ាជាផ្លូវការនេះ គឺជាឯកសារដែលមានតម្លៃគតិយុត្តិ មិនអាចខ្វះបានសម្រាប់ដំណើរការដោះស្រាយបញ្ហាព្រំដែនស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាការរក្សាអាជ្ញាយុកាលនៃវិវាទឱ្យស្ថិតនៅជាធរមាន” ។

លោកបន្តថា នេះជាហេតុផលដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែតវ៉ានៅគ្រប់ចំណុចទាំងអស់ដែលភាគីថៃ បានរំលោភបំពានដោយគ្មានរំលងចំណុចណាមួយឡើយ ពីព្រោះការតវ៉ានេះ គឺជាភស្តុតាងផ្លូវច្បាប់ដើម្បីដោះស្រាយបញ្ហាបូរណភាពទឹកដីតាមយន្តការច្បាប់អន្តរជាតិ ៕

To Top