ព័ត៌មានអន្តរជាតិ

ពួកឧទ្ទាមហ៊ូធី វាយប្រហារ លើប្រទេស អារ៉ាប៊ីសាអូឌីត បណ្តាលឱ្យជនស៊ីវិល ១១ នាក់រងរបួស ខណៈដែលព្រះរាជាណាចក្រមួយនេះ ព្រមានពីការគំរាមកំហែងកាន់តែធំ

បរទេស៖ មន្ត្រីយោធាម្នាក់បាននិយាយថា ការវាយប្រហារដោយក្រុមហ៊ូធីនៅភាគខាងត្បូងប្រទេសយេម៉ែន កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើឱ្យជនស៊ីវិលចំនួន ១១ នាក់រងរបួស ខណៈដែលព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតបានព្រមានថា ការវាយប្រហារសម្របសម្រួលដោយក្រុមហ៊ូធី និងកងជីវពលអ៊ីរ៉ាក់ដែលគាំទ្រដោយអ៊ីរ៉ង់ នឹងកើតឡើង។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ថា ឧត្តមសេនីយ៍ Turki al-Maliki អ្នកនាំពាក្យសម្ព័ន្ធមិត្តយោធា ដឹកនាំដោយអារ៉ាប៊ីសាអូឌីតដែលគាំទ្ររដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ជាអន្តរជាតិ បាននិយាយនៅព្រឹកថ្ងៃសុក្រថា ការវាយប្រហារនៅភាគខាងត្បូងខេត្ត Najran បានធ្វើឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ៧ នាក់ ជនជាតិយេម៉ែនម្នាក់ ជនជាតិអេហ្ស៊ីបពីរនាក់ និងជនជាតិប៉ាគីស្ថានម្នាក់ រងរបួស។ ជនរងគ្រោះរួមមានកុមារអាយុ ៤ ឆ្នាំម្នាក់ដែលរងរបួសរលាកកម្រិតទីពីរ។

លោក Maliki បានចោទប្រកាន់ក្រុមហ៊ូធីដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ថា បានបាញ់ផ្លោងតំបន់ជនស៊ីវិលដោយមិនរើសអើង ដែលជាការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ ហើយបាននិយាយថា ក្រុមសម្ព័ន្ធមិត្តនឹងបន្តចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារជនស៊ីវិល។

មិនមានការអត្ថាធិប្បាយភ្លាមៗពីក្រុមហ៊ូធី ឬអ៊ីរ៉ង់លើសេចក្តីថ្លែងការណ៍របស់ក្រុមចម្រុះនោះទេ ដោយសារសង្គ្រាមអាមេរិក-អ៊ីស្រាអែលរយៈពេលប្រាំខែជាមួយអ៊ីរ៉ង់បានធ្វើឱ្យស្មុគស្មាញដល់ការគណនាសន្តិសុខរបស់អារ៉ាប៊ីសាអូឌីត។

ជម្លោះរយៈពេលមួយទសវត្សរ៍របស់ទីក្រុងរីយ៉ាដជាមួយក្រុមហ៊ូធីដែលមានសម្ព័ន្ធភាពជាមួយទីក្រុងតេអេរ៉ង់បានកាន់តែជាប់ពាក់ព័ន្ធនឹងសង្គ្រាមកាន់តែទូលំទូលាយ ខណៈសកម្មភាពរបស់ក្រុមហ៊ូធី ដូចជាការបិទផ្លូវសមុទ្រក្រហមដែលបានរំខានដល់ការនាំចេញប្រេងរបស់អារ៉ាប៊ីសាអូឌីត បានបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាក្នុងតំបន់កាន់តែទូលំទូលាយ។
ប្រែសម្រួលៈ ណៃ តុលា

To Top