សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រ ចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិ កម្ពុជា-ម៉ាឡេស៊ី
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តគាំទ្រចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិ នៃប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ។
ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យ លោក Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បានសម្ដែងនូវការវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់ថា កម្ពុជា គឺជាមិត្តដ៏ជិតស្និទ និងគួរឱ្យទុកចិត្ត ។ លោកបានបន្តថា ដំណើរទស្សនកិច្ចនាពេលនេះ នឹងចូលរួមចំណែកកាន់តែសំខាន់ ដល់ការពង្រឹងទំនាក់ទំនងទ្វេភាគី និងប្រែក្លាយការប្ដេជ្ញាចិត្ត ឱ្យទៅជាសកម្មភាពជាក់ស្ដែង សំដៅបន្តពូនជ្រំកិច្ចសហប្រតិបត្តិការម៉ាឡេស៊ី-កម្ពុជា ឱ្យកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យការពារជាតិ។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី បានជម្រាបជូនសម្ដេចធិបតី អំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីរ។
ទន្ទឹមគ្នានេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្ត របស់ម៉ាឡេស៊ី ក្នុងការបន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យលទ្ធភាព ស្វែងរកកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធនឹងប្រតិបត្តិការរក្សាសន្តិភាព, ការឆ្លើយតបនឹងបញ្ហាសន្តិសុខមិនមែនប្រពៃណី, សន្តិសុខលំហសមុទ្រ និងការអភិវឌ្ឍសមត្ថភាពលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យការពារជាតិ ជាដេីម។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍ និងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដែលសម្រេចបានកន្លងមក ជាពិសេសក្នុងវិស័យការពារជាតិ ។ សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តគាំទ្រចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ ឆ្លៀតក្នុងឱកាសនោះដែរសម្ដេចធិបតី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជា និងថៃ នាពេលកន្លងមក ព្រមទាំងការដឹកនាំ និងបន្តចូលរួមយ៉ាងសំខាន់ ក្នុងយន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅកម្ពុជា។

សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រសួងការពារជាតិនៃប្រទេសទាំងពីរ បន្តជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែស៊ីជម្រៅ និងស្អិតរមួតបន្ថែមទៀត។ បន្ថែមពីនេះសម្តេចធិបតី និងរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនផងដែរ។

មុននឹងបញ្ចប់ សម្តេចធិបតី បានជម្រាបជូនឯកឧត្ដមរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី អំពីការវិវត្តថ្មីៗ នៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់ អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលមានស្រាប់រវាងប្រទេសទាំងពីរ៕












