លោក ទៀ សីហា ៖ ម៉ាឡេស៊ីមិនត្រឹម តែជួយរកសន្តិភាពឱ្យកម្ពុជា ថែមទាំងពង្រឹងសាមគ្គីនៅតំបន់អាស៊ាន
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា បានលើកឡើងថា ប្រទេសម៉ាឡេស៊ីមិនត្រឹមតែ បានចូលរួមចំណែកក្នុងការជួយរកសន្តិភាពឱ្យកម្ពុជា កាលពីអំឡុងពេលមាន សង្គ្រាមរវាងកម្ពុជា-ថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងសាមគ្គីភាពនៅតំបន់អាស៊ានទៀត ។

ក្នុងជំនួបពិភាក្សាជាមួយលោក ដាតុ សេរី ម៉ូហាម៉េដ ខាលេដ ប៊ីន ណ័រឌី រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា នេះជាដំណើរទស្សនកិច្ចជាផ្លូវការ លើកទី១របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួង ការពារជាតិម៉ាឡេស៊ី បន្ទាប់ពីឯកឧត្តមបានជួបពិភាក្សា ការងារជាច្រើនលើកក្នុងវេទិកា អន្តរជាតិផ្សេងៗ ។

រដ្ឋមន្រ្តីការពារជាតិកម្ពុជាបន្តថា កិច្ចខិតខំ របស់ថ្នាក់ដឹកនាំ របស់ភាគីមិត្តម៉ាឡេស៊ី ក្នុងការសម្របសម្រួលស្វែង រកដំណោះស្រាយ ដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិទៅលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងការដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីចូលរួមក្នុងបេសកកម្មស្វែងរកសន្តិភាព សម្រាប់ប្រជាពលរដ្ឋនៃប្រទេសកម្ពុជា ដែលការណ៍នេះមិនត្រឹមតែជាការស្វែងរកសន្តិភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ តែក៏ជាការរួមចំណែកក្នុងការពង្រឹងសាមគ្គីភាព និងមជ្ឈភាពអាស៊ាន ក្នុងការស្វែងរកសន្តិភាពសម្រាប់តំបន់ និងពិភពលោកផងដែរ។

នាឱកាសនោះដែរ ភាគីទាំងពីរ ក៏បានប្តេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតលើវិស័យការពារជាតិ មុនពេលឈានចូលមកដល់ ខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងម៉ាឡេស៊ីនៅឆ្នាំ២០២៧ខាងមុខ។
ប្រមុខការពារជាតិនៃប្រទេសទាំងពីរ ក៏បានចាត់ទុកមិត្តភាពរបស់ប្រទេសទាំងពីរថា គឺជាមិត្ត អាចទុកចិត្តបាន អាចធ្វើការរួមគ្នាដោយបើកចំហរ និងមានភាពស្មោះត្រង់ និងបានឯកភាពគ្នាជំរុញ ការរៀបចំការរៀបចំ ចុះអនុស្សារណៈយោគយល់រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរឱ្យបានឆាប់រហ័ស ៕









