ប្រធានាធិបតីអ៊ីរ៉ង់ បញ្ជាក់ថា ទីក្រុងតេអេរ៉ង់ ពេញចិត្តនឹងការសន្ទនា ប៉ុន្តែនឹងមិនត្រូវបានបង្ខំឱ្យចុះចាញ់ឡើយ
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ប្រទេស ក្នុងការបន្តការសន្ទនា ដើម្បីការពារសិទ្ធិរបស់ខ្លួន ខណៈដែលបានគូសបញ្ជាក់ថា ទីក្រុងតេអេរ៉ង់នឹងមិនត្រូវបានបង្ខំឱ្យចុះចាញ់ឡើយ។
លោក Pezeshkian បានធ្វើការកត់សម្គាល់នេះ នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័រ របស់ការិយាល័យរបស់លោកកាលពីថ្ងៃសុក្រ ដោយការពារការសម្រេចចិត្តរបស់រដ្ឋាភិបាលអ៊ីរ៉ង់ក្នុងការចូលចរចាជាមួយសហរដ្ឋអាមេរិក និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបញ្ចប់សង្គ្រាម។
លោកបានលេីកឡេីងថា អ៊ីរ៉ង់ នៅតែប្តេជ្ញាចិត្ត ចំពោះកាតព្វកិច្ចរបស់ខ្លួន ដរាបណាសហរដ្ឋអាមេរិកបំពេញ កាតព្វកិច្ចរបស់ខ្លួនក្រោមអនុស្សរណៈនៃការយោគយល់គ្នា ដោយបន្ថែមថា “កន្លែងណាដែលពួកគេបរាជ័យក្នុងការបំពេញកាតព្វកិច្ចរបស់ពួកគេ យើងមិនមានកាតព្វកិច្ចបន្តនោះទេ”។
កាលពីដើមសប្តាហ៍នេះ លោក Pezeshkian បានបដិសេធថា លោកកំពុងចុះចេញពីតំណែង ហើយបានលេីកឡេីងថា លោកនឹង “បន្តការងាររបស់លោកយ៉ាងម៉ឺងម៉ាត់”។ ការកត់សម្គាល់នេះបានកើតឡើងចំពេលមានពាក្យចចាមអារ៉ាមថា មាន “ការបែកបាក់” ក្នុងជួរថ្នាក់ដឹកនាំអ៊ីរ៉ង់ ជុំវិញអនុស្សរណៈនៃការយោគយល់គ្នា។
កាលពីខែមិថុនា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលភាគីទាំងពីរត្រូវបានគ្រោង នឹងធ្វើការចរចាក្នុងរយៈពេល ៦០ថ្ងៃ ដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយ។ ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងឡើងវិញរវាងភាគីទាំងពីរ បានធ្វើឱ្យជោគវាសនានៃកិច្ចចរចា មានភាពមិនប្រាកដប្រជា៕









