ក្រសួងអប់រំ ណែនាំបេក្ខជនប្រឡង បាក់ឌុប ត្រូវរំលឹកមេរៀន សម្រាកឱ្យបានគ្រប់គ្រាន់ ក្រោកពីព្រលឹម និងរក្សាសុវត្ថិភាពចរាចរណ៍
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងអស់ ត្រូវរំលឹកមេរៀន ទទួលទានទឹក និងសម្រាកឱ្យបានគ្រប់គ្រាន់ ក្រោកពីព្រលឹម រក្សាសុវត្ថិភាពចរាចរណ៍ ទៅមណ្ឌលឱ្យបានទៀងម៉ោង។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ក្រសួង ថា «ប្អូនៗជាបេក្ខជនទាំងអស់ជាទីស្រឡាញ់ ថ្ងៃស្អែក គឺជាថ្ងៃចាប់ផ្តើមដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ សូមប្អូនៗទាំងអស់រំលឹកមេរៀន ទទួលទានទឹក និងសម្រាកឱ្យបានគ្រប់គ្រាន់ ក្រោកពីព្រលឹម រក្សាសុវត្ថិភាពចរាចរណ៍ ទៅមណ្ឌលឱ្យបានទៀងម៉ោង ខិតខំថែរក្សាអនាម័យ និងសុខភាពឱ្យបានល្អ ជាពិសេសទទួលទានអាហារពេលព្រឹកឱ្យបានគ្រប់គ្រាន់ ប្អូនៗត្រូវមានភាពក្លាហាន អារម្មណ៍នឹងន ប្រកបដោយភាពជឿជាក់ និងប្រុងប្រយ័ត្នក្នុងពេលប្រឡង»។
ជាមួយគ្នានេះ ក្រសួង បន្ដថា «ប្អូនៗត្រូវគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលធ្វើដំណើរទៅនិងមកមណ្ឌលប្រឡង។ សូមជូនពរប្អូនៗ ជាបេក្ខជនទាំងអស់ ទទួលបានលទ្ធផលល្អនៅក្នុងការប្រឡងគ្រប់ៗគ្នា»។
សូមជម្រាបថា ការប្រឡងបាក់ឌុប ឆ្នាំ២០២៦នេះ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៥១ ២៣៨ នាក់ (ស្រី ៨៤ ៧៣៥ នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៧ ៤៤៥ នាក់ (ស្រី ២២ ១៩៣ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១១៣ ៧៩៣ នាក់ (ស្រី ៦២ ៥៤២ នាក់)។
ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីតាមដាន ស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ ចំពោះបុគ្គលទាំងឡាយណា ដែលប្រព្រឹត្តល្មើសទៅនឹងការហាមឃាត់ស្តីពីការថត ចម្លង បង្ហោះ ឬផ្សព្វផ្សាយប្រធានវិញ្ញាសា អត្រាកំណែ សន្លឹកកិច្ចការបេក្ខជន និងសន្លឹកសម្រង់ពិន្ទុ (MCS) ក្នុងដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ៕









