សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ គោលការណ៍គឺ «អ្នកចេះ គឺជាប់» សម្រាប់ការប្រឡងបាក់ឌុប
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៥-២០២៦ គោលការណ៍គឺ «អ្នកចេះ គឺជាប់»។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរ ថា «ជូនពរក្មួយៗ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦ ទទួលបានជោគជ័យគ្រប់ៗគ្នា ដោយខិតខំប្រឹងប្រែងប្រឡង ដោយឈរលើសមត្ថភាពពិតរបស់ខ្លួន ហើយគោលការណ៍ គឺ អ្នកចេះ គឺជាប់» ។
សូមបញ្ជាក់ថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ នឹងប្រព្រឹត្តិទៅរយៈពេល ២ថ្ងៃទី ចាប់ពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ដោយមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១ ២៣៨ នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ ចំនួន ៣៧ ៤៤៥ នាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន ១១៣ ៧៩៣ នាក់ ។ បេក្ខជន ត្រូវបានរៀបចំចំនួន ២៥នាក់ ក្នុងមួយបន្ទប់ តាមមណ្ឌលសំណេរនីមួយៗ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជន មកពីវិទ្យាល័យអប់រំពិសេស។
មណ្ឌលសំណេរ មានចំនួនសរុប២៤៤មណ្ឌល ស្មើនឹង ៦ ១០៤ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មាន ៦៨ មណ្ឌល ស្មើនឹង ១ ៥២៦ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន ១៧៦ មណ្ឌល ស្មើនឹង ៤ ៥៧៨ បន្ទប់។ ចំណែកឯ មណ្ឌលកំណែ មានចំនួន១០មណ្ឌល ស្ថិតនៅរាជធានីភ្នំពេញ៕









