Feature

លោក ហង់ ជួនណារ៉ុន ចុះពិនិត្យដំណើរការប្រឡង នៅមណ្ឌលបឋមសិក្សាបាក់ទូក

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយមន្ត្រីពាក់ព័ន្ធ បានអញ្ជើញពិនិត្យស្ថានភាពទូទៅក្នុងអំឡុងដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងបឋមសិក្សាបាក់ទូក។

ការចុះពិនិត្យនេះ ដើម្បីធានាឱ្យបាននូវការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងការអនុវត្តបទបញ្ជាផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាពខ្ពស់។

សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ១០ សីហា ២០២៦ នៅមណ្ឌលប្រឡង បឋមសិក្សាបាក់ទូក មានបន្ទប់ប្រឡងចំនួន ៤២បន្ទប់ និងបេក្ខជនប្រឡង ចំនួន ១០៤៧នាក់។

ដំណើរការសំណេរនាព្រឹកថ្ងៃទី១នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសយ៉ាងស្ងប់ស្ងាត់ មានសណ្ដាប់ធ្នាប់របៀបរៀបរយល្អ និងប្រកបដោយភាពរលូន។ បេក្ខជនទាំងអស់បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញកិច្ចការប្រឡងតាមមុខវិជ្ជានីមួយៗដោយទំនុកចិត្តខ្ពស់ ខណៈដែលបរិយាកាសទាំងក្នុង និងក្រៅបន្ទប់ប្រឡងមានភាពស្ងប់ស្ងាត់ល្អ គ្មានការរំខាន ដែលបញ្ជាក់ពីកិច្ចសហការ និងការគ្រប់គ្រងយ៉ាងច្បាស់លាស់ពីគ្រប់ភាគីពាក់ព័ន្ធ។

សម្រាប់ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ វិញ្ញាសាដែលត្រូវប្រឡង រួមមាន ៖ ថ្នាក់វិទ្យាសាស្ត្រសង្គម ចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ៨៖៣០នាទី ប្រឡងមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា និងចាប់ពីម៉ោង ៩៖០០ ដល់ម៉ោង ១០៖៣០នាទី មុខវិជ្ជា ប្រវត្តិវិទ្យា ។ ថ្នាក់វិទ្យាសាស្ត្រ ចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ៨៖៣០នាទី ប្រវត្តិវិទ្យា និងចាប់ពីម៉ោង ៩៖០០ ដល់ម៉ោង ១០៖៣០នាទី មុខវិជ្ជា ជីវវិទ្យា ៕

To Top