លោក ឈឹម សៅគី ជួបសំណេះសំណាល និងនាំយកនូវធុងចម្រោះទឹកស្អាត និងក្រម៉ា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនប្រជាពលរដ្ឋចំនួន ៣១១គ្រួសារ មកពីភូមិចំនួន៥ ក្នុងស្រុកទឹកផុស
ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃអាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ លោក ឈឹម សៅគី សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានឃុំតាំងក្រសាំង តំណាងដ៏ខ្ពង់ខ្ពស់លោក ឆាយ ប្ញទ្ធិសែន សមាជិកគណៈកម្មាធិការ កណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៣១១គ្រួសារ មកពីភូមិចំនួន៥ ក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោក លោកស្រីក្រុមការងារគណបក្សគ្រប់ថ្នាក់ចុះមូលដ្ឋានឃុំ គណបក្សឃុំ និងសាខាបក្សភូមិផងដែរ។

ក្នុងឱកាសនោះ លោក ឈឹម សៅគី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា ព្រមទាំងពរជ័យសព្ទសាធុការ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និង ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ លោកយាយលោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលតែងតែស្រឡាញ់ ជឿជាក់ និងបោះឆ្នោតគាំទ្រ ជូនគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជ័យជម្នះគ្រប់ៗអាណត្តិកន្លងមក និងទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយរហូតដល់សព្វថ្ងៃ ។
លោកប្រធាន បានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតគាំទ្រ ប្រកបដោយក្ដីស្រលាញ់ និងការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ បាននិងកំពុងបន្តបម្រើផលប្រយោជន៍ជូនប្រជាជន និងដោះស្រាយទុក្ខលំបាកនានា ឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ ដូចនេះ សូមឱ្យបងប្អូនប្រជាពលរដ្ឋបន្តចូលរួមការពារនូវសុខសន្តិភាព និងជឿជាក់លើរាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ដោយត្រូវបន្ដបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយមិនត្រូវជឿតាមការឃោសនាញុះញង់ ឬការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយរបស់ក្រុមប្រឆាំងទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសឡើយ។

ជាក់ស្ដែងថ្ងៃនេះ លោក ឈឹម សៅគី បាននាំយកនូវធុងចម្រោះទឹកស្អាត និងក្រម៉ា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈឯកឧត្ដម ឆាយ ប្ញទ្ធិសែន ចែកជូនដល់ប្រជាពលរដ្ឋចំនួន ៣១១គ្រួសារ មកពីភូមិចំនួន៥ ក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។














