Feature

ព្រឹកថ្ងៃទី១នេះ ! មានបេក្ខជនអវត្តមាន នៃការប្រឡងបាក់ឌុប ចំនួន១ ២៩៤នាក់

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនអវត្តមាន នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌិប) ចំនួន១ ២៩៤នាក់ ស្មើនឹង០,៨៥ភាគរយ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ថា ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ មានពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដី និងបរិស្ថានវិទ្យា និង ប្រវត្តិវិទ្យា(សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម) បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតី ណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។

ក្រសួង ថា «នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនអវត្តមានចំនួន១ ២៩៤នាក់ (ស្រី៤៧៤នាក់) ស្មើនឹង០,៨៥ភាគរយ បេក្ខជនស្វ័យរិនចំនួន១ ១០០នាក់ (ស្រី៣៨៧នាក់) បេក្ខជនចំណេះទូទៅចំនួន១៩៤នាក់ (ស្រី៨៧នាក់)។ បេក្ខជនដែលមានបញ្ហាសុខភាព៩៦នាក់ ក្នុងនោះបោះបង់ការប្រឡងចំនួន១១នាក់ បេក្ខជនប្រឡងដាច់ដោយឡែក២៤នាក់ បេក្ខជនមានជំងឺគ្រុនឈាមមានចំនួន២៧នាក់ និងគ្រោះថ្នាក់ចរាចរណ៍២នាក់។ ដោយឡែកគណៈមេប្រយោគមានបញ្ហាសុខភាព ១៩នាក់»។

ក្រសួង បន្ថែមថា បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។ សូមជម្រាបថា នៅខេត្តសៀមរាបមានករណីដកនាឡិកាឆ្លាតវៃពីគណៈកម្មការចំនួន៣ករណី។

នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការណ៍ដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

សូមបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ បេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១ ២៣៨នាក់ (ស្រី ៨៤ ៧៣៥នាក់)។ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៣៧ ៤៤៥ នាក់ ស្មើនឹង ២៤,៧៦% និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ១១៣ ៧៩៣នាក់ ស្មើនឹង ៧៥,២៤%។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ តាមមណ្ឌលសំណេរនៃរាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេស៕

To Top