ព័ត៌មានអន្តរជាតិ

​ ជម្រើសរបស់លោក ត្រាំ សម្រាប់ការដើរចេញពីសង្គ្រាមអ៊ីរ៉ង់​ កាន់តែតិច

វ៉ាស៊ីនតោន៖​ ការវិវឌ្ឍថ្មីៗនៅក្នុងការចរចាបានបង្ហាញថា ជម្រើសរបស់លោកប្រធានាធិបតីអាមេរិកលោក​ ដូណាល់​ ត្រាំ​ សម្រាប់ការដើរចេញពីសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់​ កាន់តែតិច​ នេះបើយោងតាមរបាយការណ៍របស់ The Wall Street Journal ។

លោក ត្រាំ អស់រយៈពេលជាច្រើនសប្តាហ៍ “បានដាក់មូលដ្ឋានគ្រឹះ​ ដើម្បីប្រកាសជ័យជម្នះនៅក្នុងសង្គ្រាមអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់បើកច្រកសមុទ្រហ័រមូស ឡើងវិញទាំងស្រុង ថែមទាំងបានផ្សព្វផ្សាយគំនិតនេះដោយឯកជនទៅកាន់ជំនួយការជាន់ខ្ពស់ថា លោកមានឆន្ទៈដើរចេញដោយគ្មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ” នេះបើយោងតាមរបាយការណ៍របស់មន្ត្រីអាមេរិក។

របាយការណ៍នេះបានកត់សម្គាល់ថា លោក ត្រាំ បានព្យាយាមរួមបញ្ចូលការចរចានុយក្លេអ៊ែរជាផ្នែកមួយនៃការចរចាទូលំទូលាយជាមួយអ៊ីរ៉ង់ “ប៉ុន្តែការចរចាទាំងនោះបានបង្ហាញថាពិបាកពេក ដែលនាំឱ្យសេតវិមានក្នុងសប្តាហ៍ថ្មីៗនេះផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការបើកច្រកសមុទ្រហ័រមូស ឡើងវិញ”។

ទោះជាយ៉ាងណាក៏ដោយ “គោលបំណងដែលបានកាត់បន្ថយ” នោះកាន់តែពិបាកនៅពេលដែលអ៊ីរ៉ង់​ ទទូចនៅថ្ងៃសៅរ៍ “លើតម្លៃខ្ពស់បំផុតរបស់ខ្លួន” សម្រាប់ការស្វែងរកការទូទាត់ប្រាក់រាប់ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ការដកកងទ័ពអាមេរិកចេញពីតំបន់ និងការបញ្ចប់ការបិទផ្លូវកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក ក្នុងចំណោមរបស់ផ្សេងទៀត របាយការណ៍នេះបានឧ្យដឹងដោយបន្ថែមថា “ភាពវឹកវរថ្មីៗនេះនៅក្នុងការចរចាបានបង្ហាញថា​ ទីក្រុងតេអេរ៉ង់​ បានត្រៀមខ្លួន​ សម្រាប់ជម្លោះដ៏យូរអង្វែង និងបន្ដភាពតានតឹង”។

របាយការណ៍ចុងក្រោយបំផុតបានកើតឡើងពីរថ្ងៃបន្ទាប់ពី CNN បានរាយការណ៍ថា ប្រធានអគ្គសេនាធិការចម្រុះ ឧត្តមសេនីយ៍ Dan Caine បានប្រាប់ជាឯកជនទៅកាន់ទីប្រឹក្សាកំពូលៗ និងមន្ត្រីគណៈរដ្ឋមន្ត្រីរបស់លោក ត្រាំ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះថា សហរដ្ឋអាមេរិក​ ត្រូវស្វែងរកផ្លូវចេញពីសង្គ្រាមជាមួយអ៊ីរ៉ង់។

ទន្ទឹមនឹងនេះ ការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីស្តុកគ្រាប់រំសេវរបស់សហរដ្ឋអាមេរិក​ បានបង្កើនការសង្ស័យអំពីរយៈពេល​ ដែលប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់​ អាចត្រូវបានទ្រទ្រង់នៅក្នុងសង្គ្រាម​ ដែលឥឡូវនេះស្ថិតនៅក្នុងខែទី៥​ របស់ខ្លួន៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top