លោក ណេតាន់យ៉ាហ៊ូ ពន្យារពេលកិច្ចព្រមព្រៀងហ្គាហ្សា រហូតដល់ក្រោយការបោះឆ្នោត អ៊ីស្រាអែល ខែតុលា
រ៉ាម៉ាឡា៖ រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន លោកស្រ Varsen Aghabekian Shahin បានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថាកំពុងព្យាយាមពន្យារពេលកិច្ចព្រមព្រៀងហ្គាហ្សា រហូតដល់ក្រោយការបោះឆ្នោតខែតុលា របស់អ៊ីស្រាអែល ខណៈដែលលោក ណេតាន់យ៉ាហ៊ូ បានបដិសេធជាផ្លូវការនូវផែនទីបង្ហាញផ្លូវសន្តិភាព ដែលដឹកនាំដោយសហរដ្ឋអាមេរិក ។
នៅក្នុងសុន្ទរកថាផ្លូវការទៅកាន់វិទ្យុ Voice of Palestine លោកស្រី Shahin បានឧ្យដឹងថា លោក ណេតាន់យ៉ាហ៊ូ “មិនចង់ឈានដល់កិច្ចព្រមព្រៀងទេ” ហើយចង់រក្សាប្រជាជនប៉ាឡេស្ទីន ឱ្យស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា។
លោកស្រីក៏បានព្រមានអំពី “ការផ្លាស់ប្តូរដ៏គ្រោះថ្នាក់” នៅក្នុងអំពើហិង្សា របស់អ្នកតាំងលំនៅនៅតំបន់ West Bank ដោយថា វាកាន់តែមានការសម្របសម្រួល ប្រដាប់អាវុធ និងបំផ្លិចបំផ្លាញ ដែលប៉ះពាល់យ៉ាងខ្លាំង ដល់ជីវិតរបស់ប្រជាជនប៉ាឡេស្ទីន និងធ្វើឱ្យខូចដល់ការរំពឹងទុកសម្រាប់ដំណោះស្រាយរដ្ឋពីរ។
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ថា អ៊ីស្រាអែល បដិសេធផែនការបង្ហាញផ្លូវសន្តិភាពហ្គាហ្សាចំនួន ១៥ ចំណុច ដែលបង្ហាញដោយ «ក្រុមប្រឹក្សាសន្តិភាព» ដឹកនាំដោយសហរដ្ឋអាមេរិក ដោយទទូចថា កងកម្លាំងអ៊ីស្រាអែល នឹងមិនដកថយទេ រហូតដល់ក្រុមហាម៉ាស់ ត្រូវបានដកហូតអាវុធទាំងស្រុង។
លោកបានលេីកឡេីងថា «នៅពេលដែលខ្ញុំនិយាយថាការដកហូតអាវុធហាម៉ាស់ ខ្ញុំចង់មានន័យថា អាវុធធុនធ្ងន់ អាវុធធុនស្រាល និងអាវុធទាំងអស់»។ ប៉ុន្មានម៉ោងបន្ទាប់ពីការប្រកាសរបស់លោក ណេតាន់យ៉ាហ៊ូ ក្រុមហាម៉ាស់ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះផែនការនេះនៅក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មានមួយ៕
ប្រែសម្រួល ឈូក បូរ៉ា









