Feature

ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្រសួងការងារ ទទួលការបណ្តុះបណ្តាលពីការប្រើប្រាស់ AI

ភ្នំពេញ៖ លោកស្រី​ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោក​ ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈ” ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាន់ខ្ពស់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំឌីជីថលក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជាជំនួយក្នុងការបំពេញការងារ ការធ្វើទំនើបកម្ម អភិបាលកិច្ច និងការផ្តល់សេវាសាធារណៈ ព្រមទាំងផ្តោតលើការយល់ ដឹងជាយុទ្ធសាស្ត្រពីផលប៉ះពាល់ និងនិន្នាការ AI លើទីផ្សារការងារ ការគ្រប់គ្រងក្រមសីលធម៌ សុវត្ថិភាពទិន្នន័យ និងហានិភ័យ និងការកសាងវប្ប ធម៌នវានុវត្តន៍ ដែលគាំទ្រការអនុវត្តយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្នុងការកសាងរដ្ឋាភិបាលឌីជីថល។

លោកស្រីគូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ពិតជាមានសារៈសំខាន់ និងចូលរួមចំណែកបន្ថែមក្នុងការលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំក្រសួងឱ្យកាន់តែបំពេញកិច្ចការនិងតួនាទីភារកិច្ចមានប្រសិទ្ធភាពបន្ថែមទៀត ឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការរបស់សាធារណជន បងប្អូនកម្មករនិយោជិត និងនិយោជកផងដែរ។ លោកស្រីបានរំលឹកឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើហានិភ័យមួយចំនួនដូចជា៖ ហានិភ័យនៃការលេចធ្លាយព័ត៌មានសម្ងាត់ ភាពមិនច្បាស់លាស់ និងការប្រឌិតព័ត៌មានខុសឆ្គងពីប្រព័ន្ធ AI ភាពលំអៀងនៃទិន្នន័យ ការបាត់បង់ភាព ច្នៃប្រឌិត និងការធ្លាក់ចុះសមត្ថភាពមន្ត្រីដោយសារការ ពឹងផ្អែកខ្លាំងពេកលើការប្រើប្រាស់ប្រព័ន្ធ AI និងបញ្ហាគតិយុត្ត និងកម្មសិទ្ធិបញ្ញាផ្សេងៗ។

នាឱកាសនោះ លោកស្រីបាន ក៏ថ្លែងនូវអំណរ គុណចំពោះ លោកគ្រូឧទ្ទេសនិងក្រុមការងារ មកពីបណ្ឌិត្យសភា បច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៃក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានចំណាយពេលវេលាចែករំលែក នូវចំណេះក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ។

ជាចុងក្រោយ លោកស្រីបានផ្តល់អនុសាសន៍ដល់សិក្ខាកាមជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការឱ្យពង្រឹងចំណេះដឹង និងប្រើប្រាស់ AI និងបច្ចេកវិទ្យាឌីជីថល ដើម្បីកែលម្អការងាររដ្ឋបាល និងការផ្តល់សេវាសាធារណៈ។ ទន្ទឹមនេះ ត្រូវបន្តចែករំលែកចំណេះដឹងនេះដល់មន្ត្រីក្រោមឱវាទ ឈ្វេងយល់ពីបច្ចេកវិទ្យាថ្មីៗ បង្កើតវប្បធម៌នវានុវត្តន៍ និងស្វែងរកលទ្ធភាពប្រើប្រាស់ AI ឱ្យកាន់តែមានប្រសិទ្ធភាព៕

To Top